(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា នឹងមិនអាចបំភ្លេចបានឡើយចំពោះការពលីកម្មរបស់កងទ័ពមួកខៀវកម្ពុជាទាំង ៤នាក់ ដែលបានពលីជីវិតលើទឹកដីអាហ្រ្វិកកណ្តាល។ លោកទេសរដ្ឋមន្រ្តីថា ការពលីរបស់ពួកគេ ក៏ព្រោះតែដើម្បីនាំមកនូវសុខសន្តិភាពសម្រាប់ប្រជាជនអាហ្រ្វិកកណ្តាល។
នេះជាសារដែលលោក ប្រាក់ សុខុន បានចារនៅលើសៀវភៅរំលែកទុក្ខក្នុងពេលរូបលោកអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធកងទ័ពមួកខៀវរបស់កម្ពុជាទាំង៤នាក់នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ។
លោកទេសរដ្ឋមន្រ្តី បានចារលើសៀវភៅរំលែកទុក្ខនោះថា «នៅពេលចេញដំណើរម្តងៗ យើងទាំងអស់គ្នាតែងបន់ស្រន់សុំឲ្យយុទ្ធជនមួកខៀវរបស់យើងទទួលបានជោគជ័យ និងមានសុវត្ថិភាព វិលមកជួបជុំគ្រួសារវិញពេលចប់បេសកម្ម។ ជាអកុសលនៅយប់ថ្ងៃទី៨ ឧសភា ទាហានយើង ៤នាក់ ត្រូវក្រុមប្រដាប់អាវុធស្ទាប់បាញ់សម្លាប់នៅពេលក្រុមរបស់យើងវិលត្រឡប់ពីបេសកកម្ម»។
លោករដ្ឋមន្រ្តីក្រសួងការបរទេសបានបន្តថា «អ្នកទាំង៤ ត្រូវគេសម្លាប់ក្នុងខណៈដែលពួកគេបំពេញបេសកកម្មអន្តរជាតិ ដើម្បីសន្តិភាព និង មនុស្សធម៌ធ្ងាយពីផ្ទះសំបែង ធ្ងាយពីក្រុមគ្រួសារ។ ក្នុងខណៈដែលពួកគេខិតខំរួមចំណែកនាំសន្តិភាពដល់ប្រទេសមួយ ដល់ប្រជាជនមួយដែលគេមិនទាំងស្គាល់ផង តែដោយសារកាតព្វកិច្ចអន្តរជាតិ និងបុព្វហេតុសន្តិភាពតែប៉ុណ្ណោះ។ ពួកគេបានបូជាជីវិតរបស់ពួកគេ ដើម្បីឲ្យជីវិតរបស់ប្រជាជន នៃសាធារណរដ្ឋអាហ្រិ្វកកណ្តាលបានទទួលសន្តិភាព។ យើងនិងមិនបំភ្លេចពលិកម្មនេះ សេចក្តីក្លាហាននេះឡើយ»។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ម៉ោងនៅក្នុងប្រទេសកម្ពុជា កងកម្លាំងមួកខៀវរបស់កម្ពុជាបម្រើការងារនៅប្រទេសអាហ្រ្វិកកណ្តាល បានរងការវាយប្រហារដោយក្រុមឧទ្ទាម បណ្តាលឲ្យកម្លាំងកម្ពុជា ៤នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ កងទ័ពមួកខៀវកម្ពុជា ដែលបានពលីជីវិតនោះរួមមាន៖ អនុសេនីយ៍ទោ អ៉ឹម សំ អាយុ ៣៧ឆ្នាំ មានស្រុកកំណើតនៅស្រុកពួក ខេត្តសៀមរាប, អនុសេនីយ៍ឯក ម៉ៅ អេង អាយុ ៣៧ឆ្នាំ មានលំនៅឋានក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ, ព្រិន្ទបាលទោ ស៊ាង នរិន្ទ អាយុ ៣៥ឆ្នាំ មានលំនៅឋានក្នុងខេត្តកំពង និងលោកព្រិន្ទបាលទោ មុំ តុលា មានស្រុកកំណើតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់៕