(កំពត)៖ កម្លាំងនគរបាលខេត្តកំពត ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្ត បានបង្ក្រាបមេក្លោងជួញដូរ ថ្នាំបាន២នាក់ ដកហូតថ្នាំមួយចំនួន និងកាំភ្លើងខ្លី១ដើម។

ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

លោកវរសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យព្រហ្មទណ្ឌកម្រោតស្រាលខេត្ត បានឲ្យដឹងថា ដំបូងឡើងកម្លាំងជំនាញឃាត់ខ្លួន​ជនសង្ស័យម្នាក់ឈ្មោះ ផាន់ លីន ភេទស្រី អាយុ២៦ឆ្នាំ។

បើតាមលោកនាយការិយាល័យ ក្រោយមកតាមចម្លើយសារភាព និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តផងនោះ ជំនាញឃាត់ដល់ការឃាត់​ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ចាន់ សិរីរដ្ឋា ភេទប្រុស។ ក្នុងនោះកម្លាំងជំនាញ ដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក ៥កញ្ចប់ កាំភ្លើងខ្លី១ដើម កាំភ្លើងច្នៃ១ដើម និងសម្ភារៈមួយចំនួនទៀត។

ក្រោយចាប់ខ្លួនជនសង្ស័យទាំង២ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់វិធានការតាមច្បាប់៕