ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី ជួយពលករខ្មែរ៣នាក់ ឲ្យវិញមកស្រុកកំណើតវិញ ក្រោយទៅធ្វើការដោយខុសច្បាប់ និងជួបការលំបាក
12-05-2017 19:20
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីជូន ដំណឹងថា ស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ី បានអន្ដរាគមន៍ដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ពលរក-ពលការិនី ចំនួន៣នាក់ ក្រោយពីទៅធ្វើការដោយខុសច្បាប់ និងមិនទាន់ទ្រាំទ្រជាមួយ ការងារនៅប្រទេសនោះមិនបាន។
ក្រសួងការបរទេស បញ្ជាក់ថា ពលករ៣នាក់នេះ មានស្រុកកំណើតនៅស្រុកស្មាច់មានជ័យ ខេត្តកោះកុង, ស្រុកទឹកឈូ ខេត្តកំពត និងម្នាក់ទៀតមកពីខេត្តកំពង់ឆ្នាំង។ ក្រសួងបន្ថែមថា ពលករដែលនៅស្រុកស្មាច់មានជ័យ និងស្រុកទឹកឈូ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង០៧៖៣៥នាទីព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះ តាមជើងយន្តហោះAK536។
បើតាមក្រសួងការបរទេស ពលការិនី នៅខេត្តកំពង់ឆ្នាំង បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាំងពីនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ម្ល៉េះ តាមជើងយន្តហោះMH762៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖