(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្តាល បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១២ ខែឧសភានេះ មានកម្មករ-កម្មការិនីរោងចក្រហ្គាវើ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រមាណជាង១ពាន់នាក់ បាននាំគ្នាបិទផ្លូវជាតិលេខ២១ ដើម្បីតវ៉ាដែលថៅកែរោងចក្រ បើកលុយប្រាក់ខែឲ្យមិនគ្រប់ចំនួន។
បើតាមតំណាងកម្មករដែលកំពុងឈរតវ៉ា បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យគាត់ ផ្ទុះការតវ៉ាយ៉ាងដូច្នេះ ដោយសារតែកៅរោងចក្រ ដែលជាជនជាតិកូរ៉េ បើកលុយប្រាក់ឲ្យពួកគាត់ មិនគ្រប់ចំនួននោះទេ គឺបើកឲ្យតែ២០ដុល្លារប៉ុណ្ណោះ ខណៈម្នាក់ៗមានប្រាក់ខែចាប់ពី១០០ដុល្លារឡើងទៅ។
បើតាមសេចក្តីរាយការណ៍គិតត្រឹមម៉ោង ៧៖០០នាទីយប់ ថ្ងៃទី១២ ខែឧសភានេះ កម្មករ កម្មការិនី បានបើកផ្លូវឲ្យចរាចរណ៍វិញហើយ បន្ទាប់ពីឈរតវ៉ា គ្មានអាជ្ញាធរ និងថៅកៅរោងចក្រចូលដោះស្រាយ ប៉ុន្តពួកគាត់អះអាងថា នឹងតវ៉ាជាថ្មីនៅថ្ងៃស្អែក ដើម្បីរកដំណោះស្រាយសមស្រប៕