(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោកស្រី ស៊ឹម ចាន់ធីដ ហៅ ស្រី អូន ត្រូវជាភរិយា លោក អៀង ស៊ីថា ហៅនាយ ហុងដា ជាតារាកំប្លែង ដែលនាងបានទទួលមរណភាពដោយ អំពើឃាតកម្មកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៧ ក្នុងអាយុ ១៩ឆ្នាំ ដែលពិធីបុណ្យសពរៀបចំធ្វើក្នុងបរិវេណវត្តសុវណ្ណារាម (ហៅវត្តទួលសង្កែ)។ ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលបុណ្យនូវបច្ច័យមួយចំនួន រួមនឹងគ្រឿងឧបភោគ-បរិភោគ ផងដែរ។
លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា ដែលបានទៅចូលរួមក្នុងពិធីបុណ្យសព បានពាំនាំនូវការចូលរំលែកទុក្ខយ៉ាងក្រៀមក្រំ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះក្រុមគ្រួសារសពទាំងអស់ និងសូមបួងសួងដល់វិញ្ញាណក្ខ័ន្ធសព បានទៅកាន់ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕