(ភ្នំពេញ)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បញ្ជូនបុរសជនជាតិនីហេ្សរីយ៉ា០៩នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ ពីបទលួចឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ ដើម្បីចាត់ការបន្តទៀត។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ជនជាតិនីហ្សេរីយ៉ា ទាំង០៩នាក់នេះ ​​បានលួចឆ្លងដែនចូលតាមច្រករបៀងពីវៀតណាម​មក ​កម្ពុជាដោយខុសច្បាប់ ដោយក្នុងនោះ គ្មានលិខិតឆ្លងដែនចំនួន ០៤នាក់ និងប្រើប្រាស់លិខិតឆ្លងដែនមិនប្រថាប់ត្រាចូលចំនួន០៥នាក់។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃនាយកដ្ឋានអន្ដោប្រវេសន៍ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេ​ញ បានបន្ដត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាចំនួន៦០នាក់ ចូលមកធ្វើការដោយគ្មានលិខិតឆ្លងដែន និងសៀវភៅការងារ ស្ថិតនៅភូមិគ្រឹះមហាលាភ ផ្ទះលេខBis ផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះក្រោមការដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន និងក្រោម​ការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបញ្ជាក់ថា ក្រោយត្រួតពិនិត្យមានជនបរទេសចំនួន៦០នាក់ (ប្រុស) ជនជាតិនីហ្សេរីយ៉ា គ្មានឯកសារត្រឹមត្រូវ បានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។

នៅពេលនេះជនជាតិនីហ្សេរីយ៉ាទាំងនេះ ស្ថិតក្រោមការសួរនាំរបស់តំណាងអយ្យការ ដើម្បីចាត់ការបន្តទៀត៕