(កណ្តាល)៖ លោក ម៉ក់ ពេជ្ជរិទ្ធ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ គណៈពង្រឹងមូលដ្ឋាន ចុះជួយស្រុកកៀនស្វាយ និងជាគណ:ពង្រឹងមូដ្ឋានចុះជួយឃុំភូមិធំ ឃុំគគីរ និងឃុំដីឥដ្ឋ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ ចូលរួមក្នុងពិធីសម្ពោធកុដិ និងស្រោចស្រពសុគន្ធវារីប្រគេន ព្រះគ្រូបញ្ញាសិរី នូ សុភាន ព្រះធម្មធរអនុគណស្រុកកៀនស្វាយ និងជាចៅអធិការវត្តកោះសត្ថារាម ឃុំគគីរ។
លោក ម៉ក់ ពេជ្ជរិទ្ធ បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះ ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយលោកបានរំលឹកថា ក្នុងនាមជាសាសនិកប្រណិប័តន៍ នូវគន្លងព្រះពុទ្ធដ៏ល្អផូរផង់ បងប្អូនត្រូវមើលឲ្យឃើញ និងយល់ច្បាស់នូវអ្វីដែលជាការពិត ពោលគឺមិនត្រូវជឿតាមពាក្យភូតភរ របស់ក្រុមខិលខូច ដោយមិនបានធ្វើអ្វីឲ្យលេចចេញជាលទ្ធផល ហើយដើរអួតអាង បង្កាច់បង្ខូចគេ ដែលខំធ្វើល្អនោះឡើយ។
លោកប្រធានក្រុមការងារ បានបន្តថា ដើម្បីថែរក្សាការពារសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍ សម្រាប់អនាគតកូនចៅជំនាន់ក្រោយ បងប្អូនត្រូវមានជំនឿជាក់លើ គោលការណ៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិដូចសព្វថ្ងៃនេះ។
បន្ថែមពីនេះ លោក ម៉ក់ ពេជ្ជរិទ្ធ បានឲ្យអាជ្ញាធរមូលដ្ឋាន ជួយសម្រួលដល់ប្រជាពលរដ្ឋ រឿងអត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រមរណៈភាព ត្រូវតែធ្វើ និងយកទៅឲ្យគាត់ដល់ផ្ទះតែម្តង។
ក្នុងពិធីនេះដែរ លោក ម៉ក់ ពេជ្ជរិទ្ធ ក៏បានចូលបច្ច័យកសាង ចំនួន ៩,៤៥០ដុល្លារ ការរៀបចំពិធីបុណ្យ ៣,៨២៥ដុល្លារ និងឧបត្ថម្ភដល់ តាជី យាយជី ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្ត សរុបទាំងអស់ប្រមាណចូលរួម ១,៥០០ នាក់ចូលរួម ដោយក្នុងម្នាក់ៗទទួលបានកន្សែងពោះគោ១៕