(ភ្នំពេញ)៖ កូនប្រុសបង្កើតរបស់តារាកំប្លែងនាយ ហុង ដា ដែលសម្លាប់ម្ដាយចុងរបស់ខ្លួន (ប្រពន្ធក្រោយរបស់នាយ ហុង ដា) កាលពីថ្ងៃម្សិលមិញនោះ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វា​ បានចាប់ខ្លួនបានហើយ នៅខាងក្រោយវិហារចាម ក្នុងខណ្ឌជ្រោយចង្វា។

ការចាប់ខ្លួនជនសង្ស័យនេះធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ។

មន្ដ្រីអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នៅពេលនេះជនដៃដល់ និងសង្សា ត្រូវបាននាំខ្លួនភ្លាមៗ ទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំបន្ដទៀត។ យ៉ាងណាក៏ដោយមូលហេតុនៃការសម្លាប់ម្ដាយចុងរបស់ខ្លួន មិនទាន់ត្រូវបានមន្ដ្រីអាវុធហត្ថបញ្ជាក់នៅឡើយទេ ដោយបាននិងកំពុងសួរនាំជាមុនសិន។

សូមបញ្ជាក់ថា ស្រ្តីជាប្រពន្ធទី២ របស់តារាកំប្លែងជើងចាស់នាយ ហុង ដា ត្រូវបានឃាតករឹត​កសម្លាប់ចោល នៅក្នុងបន្ទប់ជាន់ទី៥ នៃអគារខុនដូ កំពុងស្ថាបនា ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ពោលនៅក្រោយផ្សារ សារឿនយ៉ានី។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើលនេះ មានស្ត្រីម្នាក់ឈ្មោះ អឿន ចិន្តា ត្រូវជាប្អូនស្រីបង្កើត​របស់លោក ហុង ដា បានដើរលេងតាមបន្ទប់ខុនដូ ក្នុងជាន់ទី៥ ហើយពេលដើរដល់បន្ទប់ របស់ស្រ្តីរងគ្រោះ ស្រាប់តែប្រទះឃើញ​ជនរងគ្រោះ មានភួយរុំក្បាលនឹងមុខ មើលមិនស្គាល់ទេ ហើយគាត់ក៏មានការ​ភ័យស្លន់ស្លោរ បានទូរស័ព្ទរាយការណ៍​ ទៅសមត្ថកិច្ចភ្លាមៗ ដើម្បីសុំការអន្តរាគមន៍។

ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ច បានចុះមកពិនិត្យជាក់​ស្តែង ដល់ចំណុចខុនដូនេះ ហើយបានឲ្យ​ឈ្មោះ អឿន ចិន្តា ត្រូវជាប្អូនលោក ហុង ដា ចូលទៅមើលមុខសាក​សពស្ត្រី ដែលត្រូវគេសម្លាប់ ទើបដឹងថា ស្ត្រីដែលត្រូវជនមិនស្គាល់​មុខសម្លាប់នោះ គឺមានឈ្មោះ ស៊ឹម ចន្ធី ហៅស្រីមុំ អាយុ១៩ឆ្នាំ គឺជាប្រពន្ធក្រោយ​របស់លោក ហុង ដា ដែលមកស្នាក់នៅក្នុងខុនដូនេះ ជាងកន្លះឆ្នាំមកហើយ៕