Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលខេត្តបន្ទាយមានជ័យ ចុះដកហូតទំនិញមួយចំនួន ដែលខូចគុណភាព និងគ្មានស្លាកសញ្ញាត្រឹមត្រូវ នៅផ្សារបឹងត្រកួន ស្រុកថ្មពួក

12-05-2017 15:33

(បន្ទាយមានជ័យ)៖ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទំនិញ ផលិតផល ដែលដាក់ទឹកលក់នៅផ្សារបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មន្រ្តីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ក្រោមការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងមានការបញ្ជាផ្ទាល់ពី លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត បានរឹបអូសទំនិញខូចគុណភាព និងគ្មានសញ្ញាត្រឹមត្រូវ ដើម្បីទុកយកទៅកម្ទេចចោលនៅពេលក្រោយ។

ប្រតិបត្តិការនេះដឹកនាំដោយលោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុកការិយាល័យប្រមូលចំណូល និងទីផ្សារ នៃសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ហើយលោកបានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះថា ទំនិញទាំងនោះរួមមាន៖ ត្រីខកំប៉ុងចំនួន៣៧កំប៉ុងស្មើនឹង១៨គីឡូក្រាម ចាហួយដូងចំនួន៨ថង់ស្មើនឹង៨គីឡូក្រាម និងអូវ៉ាន់ទីនចំនួន៦កែវ ស្មើនឹង១គីឡូក្រាម។

ជាមួយគ្នានេះ ក្រុមការងារ ក៏បានដើរណែនាំដល់អាជីវករ និងអតិថិជនអ្នកទិញ ពីបញ្ហានៃការប្រើប្រាស់ ការបរិភោគ និងការលក់ដូររបស់របរខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ជាដើម ព្រមទាំងបានបិទរូបសញ្ញាណែនាំអប់រំពីបញ្ហានេះ នៅតាមទីមួយចំនួនក្នុងផ្សារនោះផងដែរ៕