(ភ្នំពេញ)៖ យុទ្ធនាការ១០០ថ្ងៃ ដើម្បីវាយតម្លៃគុណភាព និងប្រសិទ្ធភាពរបស់តុលាការតាមរាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា នឹងចាប់ពីខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះហើយ។ យុទ្ធនាការនេះ នឹងធ្វើឡើងដោយ គណៈកម្មាធិកាដឹកនាំការកែទម្រងច្បាប់ និងប្រព័ន្ធយុត្តិធម៌ នឹងបើក។ នេះបើតាមសេចក្ដីជូនដំណឹង របស់លេខាធិការដ្ឋានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការ នៅថ្ងៃ១២ ខែឧសភា ឆ្នាំ២០១៧។
លេខាធិការដ្ឋានអចិន្ដ្រៃយ៍ គណៈកម្មាធិកាដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានឲ្យដឹងថា យុទ្ធនាការនេះ មានគោលដៅធ្វើបច្ចុប្បន្នភាពយុទ្ធសាស្រ្ដ និងកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌ ដើម្បីឲ្យមានភាពជាក់លាក់ ច្បាស់លាស់ អាចអនុវត្តបាន ជាពិសេសឆ្លើយតប បានទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ដោយតម្រូវឲ្យធ្វើការវាយតម្លៃ ពីប្រសិទ្ធភាព វឌ្ឍនៈភាពការងាររបស់តុលាការគ្រប់ រាជធានី ខេត្ត ព្រមទាំងបញ្ហាប្រឈមផងដែរ ក្នុងការអនុវត្តយុទ្ធសាស្រ្ដចតុកោណ របស់រាជរដ្ឋាភិបាល ដំណាក់កាលទី៣ ពាក់ព័ន្ធវិស័យយុត្តិធម៌ យុទ្ធសាស្រ្ដ និងកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌ ជាពិសេសពាក់ព័ន្ធដល់ការអនុវត្តច្បាប់គោលទាំងបី នៃវិស័យយុត្ដិធម៌ ដែលបានដាក់ឲ្យអនុវត្តកាលពីចុងឆ្នាំ២០១៤ កន្លងមក។
លេខាធិការដ្ឋានអចិន្ដ្រៃយ៍ បានបញ្ជាក់ថា យុទ្ធការនេះ ត្រូវបានរៀបចំតាក់តែងឡើង និងអនុវត្តតាមបែបវិទ្យាសាស្រ្ត មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើធាតុទាំង០៧ នៃកម្មវិធីតុលាការប្រណិត ដែលជាស្ដង់ដាអន្តជាតិ (Seven Elements of Court Excellence) ដែលរួមមាន៖ ទី១៖ ការដឹកនាំ និងគ្រប់គ្រងស្ថាប័ន, ទី២៖ ផែនការ និងគោលបំណងនយោបាយស្ថាប័ន, ទី៣៖ ធនធានស្ថាប័ន (មនុស្ស សម្ភារៈ និងហិរញ្ញាវត្ថុ), ទី៤៖ នីតិវិធីដំណើរការស្ថាប័ន, ទី៥៖ សេចក្ដីត្រូវការ និងពេញចិត្តរបស់អតិថិជន, ទី៦៖ ភាពងាយស្រួល និងតម្លៃសេវារបស់ស្ថាប័ន, ទី៧៖ ការជឿទុកចិត្ត និងជឿជាក់ពីសាធារណៈជន ចែកចាយជា២ដំណាក់កាលធំៗ ដូចខាងក្រោម៖
ដំណាក់កាលទី១៖ ការបំពេញរបាយការណ៍ស្វ័យវាយតម្លៃរបស់តុលាការ (Self-Assessment Report) ដោយផ្អែកលើកម្រងសំណួរអង្កេត (Survey Questionnaires) ដែលប្រគល់ជូន។
ដំណាក់កាលទី២៖ ការសិក្សាបឋមលើរបាយការណ៍ស្វ័យវាយតម្លៃរបស់តុលាការ និងការចុះជួបដោយផ្ទាល់នៅតាមតុលាការដើម្បីធ្វើការពិនិត្យ និងពិភាក្សាបន្ថែម ដោយផ្អែកទៅលើរបាយការណ៍ស្វ័យវាយតម្លៃ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គណៈកម្មាធិកាដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌៖