បង្ក្រាបមេក្លោងចែកចាយគ្រឿងញៀន នៅតាមរាជធានី-ខេត្ត ដកហូតថ្នាំញៀន៨កញ្ចប់ធំ តម្លៃជាង១ម៉ឺនដុល្លារ នៅខណ្ឌពោធិ៍សែនជ័យ (Video inside)
12-05-2017 15:21
(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការ ចុះទៅបង្ក្រាបមេក្លោងចែកចាយគ្រឿងញៀន នៅតាមរាជធានី-ខេត្ត ដោយដកហូតថ្នាំញៀន ចំនួន៨កញ្ចប់ធំ និង១កញ្ចប់តូច ដែលមានតម្លៃជាង១ម៉ឺនដុល្លារ។
អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានប្រាប់អង្គភាព Fresh News ថា សម្រាប់ប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ រួបនេះ បានធ្វើឡើងនៅភូមិថ្មគោល សង្កាត់ចោមចៅ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីតំណាងអយ្យការផងដែរ។
លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ជា យ៉េង អាយុ៣១ឆ្នាំ ហើយជននេះបានយកគ្រឿងញៀន មិនត្រឹមតែចែកចាយនៅរាជធានីភ្នំពេញ នោះទេ ប៉ុន្តែបានចែកចាយនៅតាមបណ្តាខេត្តផងដែរ។
បន្ទាប់ពីចាប់ខ្លួន ជនសង្ស័យត្រូវបានយកទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្តទៀត៕