(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ខែឧសភា ទិសដៅខែមិថុនា ដោយនៅក្នុងកិច្ចប្រជុំនោះ លោកបានដាក់ផែនការ ឲ្យកម្លាំងបន្តបង្ក្រាប បទល្មើសគ្រប់ករណីតាមមូលដ្ឋាន និងជួយប្រជាពលរដ្ឋពេលមានគ្រោះអាសន្ន។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកមេបញ្ជាការរង លោកនាយរសេនាធិការដ្ឋាន លោកប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យចំណុះ និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង៨ សរុបចំនួន៥៤នាក់។
លោកវរសេនីយ៍ត្រី ហ៊ាន ចាន្ធី នាយរងសេនាធិការដ្ឋាន ឡើងអានរបាយការណ៍ខែឧសភា ទិសដៅខែមិថុនា ឆ្នាំ២០១៧ បន្ទាប់មកមន្ដ្រីដែលមានការពាក់ព័ន្ធ មានយោបល់បំពេញបន្ថែម លើរបាយការណ៍ និងដកពិសោធការងារអនុវត្តប្រចាំខែ កន្លងមកផងដែរ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី លើកឡើងថា ត្រូវយកចិត្តទុកដាក់កសាងបណ្តាញព័ត៌មានតាមមូលដ្ឋាន, ការងារបង្ការបង្ក្រាបបទល្មើស គ្រប់ករណីដែលកើតមាន ក្នុងមូលដ្ឋាន, ការងារជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ករណីគ្រោះមហន្តរាយ, ផ្សព្ធផ្សាយ និងប្រគល់ភារកិច្ច ការពារការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខ, ផ្សព្ធផ្សាយក្រមសីលធម៌ ដល់កងកម្លាំងឲ្យបានគ្រប់ៗគ្នា និងគ្រប់ថ្នាក់ត្រូវពង្រឹងវិន័យ អនុវត្តតួនាទីភារៈកិច្ច ឲ្យបានម៉ឺងម៉ាត់៕