(ភ្នំពេញ)៖ ដោយមើលឃើញពីការពលីជីវិត​ ដើម្បីជាតិដ៏ធំធេងរបស់កងកម្លាំងមួកខៀវកម្ពុជានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រមុខដឹកនាំកាកបាទក្រហមកម្ពុជា នៅថ្ងៃម្សិលមិញ និងថ្ងៃនេះ បានចាត់ចែងក្រុមការងារកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងបានចូលជាបច្ច័យបុណ្យសពទាហានមួកខៀវទាំង៤រូប ដែលបានពលីដើម្បីជាតិ និងអន្តរជាតិ នៅប្រទេសអាហ្រ្វិកកណ្តាល ក្នុងមួយគ្រួសារ២០លានរៀល សរុបទាំងអស់៨០លានរៀល។

ទី១៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រមុខដឹកនាំកាកបាទក្រហមកម្ពុជា បានចាត់ចែងក្រុមការងារ កាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា នាំយកសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងបច្ច័យចំនួន២០លានរៀល ទៅចូលរួមបុណ្យសព លោកព្រិន្ទបាលទោ ស៊ាង នរិន្ទ ទាហានមួកខៀវកម្ពុជា ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិកម្ពុជា និងអន្តរជាតិ នៅប្រទេសអាហ្រ្វិកកណ្តាល។ ពិធីបុណ្យសពធ្វើឡើងនៅគេហដ្ឋានរបស់លោកផ្ទាល់ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ។

ទី២៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រមុខដឹកនាំកាកបាទក្រហមកម្ពុជា បានចាត់ចែងក្រុមការងារ កាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកវេជ្ជបណ្ឌិត​ អ៊ុយ​ សំអាត​ នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​ កាកបាទក្រហមកម្ពុជា នាំយកសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងបច្ច័យចំនួន២០លានរៀល ទៅចូលរួមបុណ្យសព លោកអនុសេនីយ៍ឯក​ ម៉ៅ​ អេង​ ទាហានមួកខៀវកម្ពុជា ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិកម្ពុជា និងអន្តរជាតិ នៅប្រទេសអាហ្រ្វិកកណ្តាល។ ពិធីបុណ្យសពធ្វើឡើងនៅគេហដ្ឋានរបស់លោកផ្ទាល់ នៅភូមិបាក់រនាស់​ សង្កាត់សង្ឃ​ ក្រុងស្វាយរៀង​ ខេត្តស្វាយរៀង។

ទី៣៖ នៅរសៀលថ្ងៃទី១១ដដែលនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រមុខដឹកនាំកាកបាទក្រហមកម្ពុជា បានចាត់ចែងក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោក សម​ កុសល​ នាយកនាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា នាំយកសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងបច្ច័យចំនួន២០លានរៀល ទៅចូលរួមបុណ្យសព លោកអនុសេនីយ៍ទោ​ អ៊ឹម​ សំ​ ទាហានមួកខៀវកម្ពុជា ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិកម្ពុជា និងអន្តរជាតិ នៅប្រទេសអាហ្រ្វិកកណ្តាល។ ពិធីបុណ្យសពធ្វើឡើងនៅគេហដ្ឋានរបស់លោកផ្ទាល់ នៅភូមិកំពង់ក្តី​ ឃុំកំពង់ក្តី​ ស្រុកជីក្រែង​ ខេត្តសៀមរាប​។

ទី៤៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រមុខដឹកនាំកាកបាទក្រហមកម្ពុជា បានចាត់ចែងក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា បាននាំយកបច្ច័យ ២០លានរៀល ទៅចូលរួមបុណ្យសព លោកព្រិន្ទបាលទោ មុំ តុលា ទាហានមួកខៀវកម្ពុជា ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ នៅប្រទេសអាហ្រ្វិកកណ្តាល។ ពិធីបុណ្យសពធ្វើឡើងនៅគេហដ្ឋានរបស់លោកផ្ទាល់ នៅភូមិក្បាលហុង ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

សរុបរួមនៅថ្ងៃម្សិលមិញ និងថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងចូលបច្ច័យអស់៨០លានរៀល ចូលរួមបុណ្យសពទាហានមួកខៀវទាំង៤រូប ដែលបានពលីដើម្បីជាតិ និងអន្តរជាតិ នៅប្រទេសអាហ្រ្វិកកណ្តាល។

ជាមួយនឹងការចូលរួមជាបច្ច័យខាងលើនេះ កាកបាទក្រហម ក៏បាននាំយកនូវអំណោយផ្សេងៗទៀត ជូនគ្រួសារសពទាំង៤រូប ក្នុងនោះមានដូចជា អង្ករ ២០០គីក, ត្រីខ ៥យួរ, មី ៥កេស, អូវ៉ាន់ទី ១កេស, ស្ករស ១០គីឡូ, ទឹកក្រូច ១០កេស ទឹកដោះគោឆៅ១កេស និង គូលេនកំប៉ុង ចំនួន១កេសផងដែរ។

ការនាំយកបច្ច័យទៅចូលរួមបុណ្យសពទាហាន ដែលបានធ្វើពលិកម្មនេះ ជាការបង្ហាញទឹកចិត្តសប្បុរសធម៌ដ៏ធំធេងរបស់ កាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានខិតខំនិងយកចិត្តទុក្ខដាក់ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះ។ ការចូលរួមថវិកានេះ ក៏ជាបង្ហាញពីអំពីការដឹងគុណដ៏អនេករបស់ទាហានកម្ពុជា ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិកម្ពុជា និងអន្តរជាតិ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី នៃកាកបាទក្រហមកម្ពុជាទាំងអស់ មានសេចក្ដីរន្ធត់យ៉ាងក្រៃលែង និងសោកស្ដាយជាទីបំផុត នៅពេលទទួលព័ត៌មានថា ទាហានមួកខៀវកម្ពុជា ៤រូប បានទទួលមរណភាព នៅប្រទេស អាហ្រ្វិកកណ្ដាលនេះ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏​ក្រៀមក្រំបំផុតនេះ ជាមួយនឹងក្រុមគ្រួសារនៃសព ហើយសូមឲ្យវិញ្ញាណក្ខន្ធ​សព​​ទាំង ៤រូប បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្ត កុំបីឃ្លៀង​ឃ្លាតឡើយ។

ទាហានមួកខៀវកម្ពុជា ៤រូប ដែលពិលីជីវិតនោះរួមមាន៖ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរប៊ុលដូស៊ែរ, លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និង លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យផងដែរ៕