(កំពង់ធំ)៖ ក្នុងពិធីសំណេះសំណាលជាមួយ សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាចំនួន៩៥០នាក់ នៅឃុំត្បែង ស្រុកកំពង់ស្វាយ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ធំ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដាច់ខាតត្រូវរក្សាសន្តិភាពឲ្យ បានស្ថិតស្ថិរយូរអង្វែង ព្រោះប្រទេសកម្ពុជាជួបសង្គ្រាមអស់ជាច្រើនឆ្នាំមកហើយ ទម្រាំបានសន្តិភាពដូចសព្វថ្ងៃ។ លោកបានលើកឡើងនូវទិដ្ឋភាពជាក់ស្តែងថា «មានចាបមួយក្នុងដៃ ប្រសើរជាងមានចាប២០ នៅលើអាកាស»។
លោក សុខ លូ បានលើកឡើងពីប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា ដែលទទួលរងសង្រ្គាមដណ្តើមទឹកដីពីប្រទេសជិតខាងជាបន្តបន្ទាប់ និងបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលអស់ជាច្រើនឆ្នាំ ទម្រាំកម្ពុជាទទួលបាននៅសន្តិភាពដូចថ្ងៃនេះ។ បច្ចុប្បន្នកម្ពុជាក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខថ្នាក់ដឹកនាំ បានកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន ដូចជា សាងសង់ផ្លូវតាមបន្ទាត់ព្រំដែន បោះបង្គោលព្រំដែន អភិវឌ្ឍតំបន់ទាំងឡាយនោះ និងប្រកាន់នូវគោលជំហរការពារទឹកដី មិនឲ្យមានការបំពាន ឬក៏បាត់បង់សូម្បីតែ១មីលីម៉ែត្រ។
ដោយឡែក ការងារនៅមូលដ្ឋានឃុំសង្កាត់ បច្ចុប្បន្ននេះ ថវិកាដែលធ្វើការអភិវឌ្ឍមានលើសពី ៥០ម៉ឺនដុល្លារទៅទៀត ព្រោះបើនិយាយដល់ផ្លូវថ្នល់ជាតិ ផ្លូវលំ ផ្លូវបេតុង សាលារៀន និងសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ស្ពាន ប្រឡាយទឹក អណ្តូង ស្រះ សរុបទៅលើសថវិកាដែល គេសន្យាខ្យល់នោះទៅទៀត។ គណបក្សប្រជាជន ផ្តល់ថវិកាវិភាជន៍មិនតិចជាង ២.៨% ក្នុងមួយឆ្នាំ នៃថវិកាចរន្តរបស់ជាតិសម្រាប់ឃុំ-សង្កាត់នីមួយ។
រាជរដ្ឋាភិបាលបាន និងកំពុងរៀបចំគិតគូរផ្តល់តាមលទ្ធភាព ដោយមិនប៉ះពាល់ដល់ថវិកាឃុំ-សង្កាត់ទេ ដើម្បីសាងសង់សាលាឃុំ-សង្កាត់ជាបន្តបន្ទាប់។ ចំពោះមន្ត្រីរាជការវិញ នៅមានតិចតួចដែលមិនទាន់បានបម្រើប្រជាជន តាមសំណូមពរជាក់ស្តែង តែរាជរដ្ឋាភិបាលបានគិតគូរ និងមានវិធានការហើយ មិនឲ្យត្រីមួយកន្ត្រកស្អុយមួយ ស្អុយទាំងអស់នោះទេ ដោយធ្វើការណែនាំឲ្យពួកគាត់ ងូតទឹកឆ្លុះកញ្ចក់ដុសក្អែល និងព្យាបាលឡើងវិញ។
លោកអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវនាំគ្នាទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឲ្យបានគ្រប់គ្នា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ៕