(សេអ៊ូល)៖ ការឡើងកាន់អំណាចជាប្រធានាធិបតីកូរ៉េខាងត្បូង របស់លោក មូន ជេអ៊ីន (Moon Jae in) បានធ្វើឱ្យគេគ្រប់គ្នាយល់ថា ស្ថានភាពនៅ ឧបទ្វីបកូរ៉េអាចនឹងប្រសើរឡើងវិញ។ ការយល់បែបនេះមិនមែនគ្មានហេតុផលនោះឡើយ ពោលគឺវាបានស្ដែងចេញតាមរយៈគោលនយោបាយទន់ភ្លន់ របស់លោក មូន ចំពោះកូរ៉េខាងជើង។
បើគេចាំមិនភ្លេចទេ កាលពីនៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក មូន ធ្លាប់បានសន្យាថា នឹងស្វែងរកកិច្ចសន្ទនាជាមួយទីក្រុង ព្យុងយ៉ាង ក៏ដូចជាលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ លើសពីនេះទៅទៀត ដើម្បីបន្ទន់ចិត្តបងប្អូនខាងជើង អ្នកនយោបាយជើងចាស់រូបនេះ ថែមទាំងបង្ហាញ ពីបំណងចង់បើកតំបន់ឧស្សាហកម្មកេសុង ដែលផ្ដល់ការងារដល់ប្រជាជនកូរ៉េខាងជើងរាប់ពាន់នាក់ឡើងវិញ ហើយរហូតដល់មានគំរោងបំពេញ ដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងព្យុងយ៉ាងទៀតផង។ តើនេះគឺសញ្ញាណវិជ្ជមានឆ្ពោះទៅរកការផ្សះផ្សារជាមួយកូរ៉េខាងជើង?
តែយ៉ាងណាក៏ដោយ វាមិនមែនងាយស្រួល ដូចជាការនិយាយនោះទេ សូម្បីតែលោក មូន ខ្លួនឯងផ្ទាល់ក៏ដឹងយ៉ាងច្បាស់នៅក្នុងចិត្តដែរថា ចង់ចរចានឹង របបដឹកនាំលោក គីម ជុងអ៊ុន ឱ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរ ឬក៏មីស៊ីលផ្លោងឆ្លងទ្វីបគឺជារឿងមួយដ៏ពិបាកសឹងតែមិនអាចទៅរួច។ ពិបាកគឺដោយសារ តែពេលនេះ កូរ៉េខាងជើងបានដើរទៅមុខកាន់តែឆ្ងាយ នោះគឺមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ។ មួយវិញទៀត នៅក្នុងកែវភ្នែកថា្នក់ដឹកនាំកូរ៉េខាងជើង ទីក្រុងវ៉ាស៊ីនតោននៅតែចិញ្ចឹមចិត្តចង់ឈ្លានពានខ្លួន ហើយវាបានបង្ហាញតាមរយៈការធ្វើសមយុទ្ធ យោធាប្រចាំឆ្នាំជាមួយកូរ៉េខាងត្បូង និងការដាក់ពង្រាយកងទ័ពអាមេរិករាប់ម៉ឺននាក់ឱ្យឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង និងជប៉ុន។
ដោយឡែកទាក់ទិននឹងបញ្ហានេះដែរ អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំប្រទេសអង់គ្លេស លោក Choe Il បានបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់ នៃអាវុធនុយក្លេអ៊ែរ។ លោក Choe Il នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរស្សន៍ Sky News បានលើកឡើងដូច្នេះថា៖«អំណាចនុយក្លេអ៊ែររបស់យើង គឺជាអធិបតេយ្យភាពរបស់យើង ហើយយើងនឹងធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ គ្រប់ពេលវេលា គ្រប់ទីកន្លែងឱ្យតែមានបញ្ជាពីលោក គីម ជុងអ៊ុន។ អំណាចនុយក្លេអ៊ែរ ជាមធ្យោបាយតែមួយគត់ ការពារសន្តិភាពនៅឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់ទាំងមូល ត្បិតវាធ្វើឱ្យសហរដ្ឋអាមេរិក មិនហ៊ានវាយប្រហាមកលើពួកយើង... តែបើវ៉ាស៊ីនតោនហ៊ានតែកម្រើកម្រាមដៃតែបន្តិចនោះយើង នឹងប្រែក្លាយអាវុធរបស់ពួកគេឱ្យក្លាយទៅជាធូលីដី»។
គួរបញ្ជាក់ថា គិតចាប់តាំងពីសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) មកទល់បច្ចុប្បន្នស្ថានភាពនៅឧបទ្វីបនៅតែបន្តស្ថិត នៅក្នុងសភាប្រកាសសង្រ្គាមជានិច្ច ពីព្រោះកូរ៉េទាំងពីរ បានត្រឹមតែចុះហត្ថលេខាលើបទឈប់បាញ់ប៉ុណ្ណោះ មិនមែនជាសន្ធិសញ្ញាសន្តិភាពនោះទេ។ រីឯសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង តែងតែអំពាវនាវជារឿយៗឱ្យកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែរ ប៉ុន្តែសួរថាតើបើទីក្រុងព្យុងយ៉ាងចោល អាវុធនុយក្លេអ៊ែរមែននោះ តើកងទ័ពអាមេរិកព្រមដកចេញពីកូរ៉េខាងត្បូង និងជប៉ុនដែរឬទេ។ ដូច្នេះ ដរាបណាកងទ័ពអាមេរិកមិនព្រមដក ចេញនោះកូរ៉េខាងជើង ក៏មិនអាចបោះចោល មហិច្ឆតានុយក្លេអ៊ែររបស់ខ្លួនដែរ គឺមានតែបង្កើនសមត្ថភាពឱ្យកាន់តែខ្លាំងជាមុនទៅទៀត ដែលនេះគឺជាផ្នែកមួយដ៏ធំនៃបញ្ហានៅឧបទ្វីបកូរ៉េ ហើយបើនិយាយឱ្យចំសហរដ្ឋអាមេរិកក៏មិនអាចដកទ័ពនោះដែរ ព្រោះខ្លួនដាក់ទ័ពនៅ កូរ៉េខាងត្បូង និងជប៉ុន មិនមែនគ្រាន់តែចង់សម្ញែងរិទ្ធិដាក់ កូរ៉េខាងជើងតែមួយគត់នោះទេ តែគោលដៅធំគឺទប់ស្កាត់ឥទ្ធិពលយោធារបស់ចិននៅក្នុងតំបន់៕