(ភ្នំពេញ)៖ ក្រោយពីបញ្ចប់ប្រតិបត្តិការ ចុះត្រួតពិនិត្យទំនិញនៅក្នុងផ្សារទំនប់​ រួចមកនោះ​ មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានអំពាវនាវយ៉ាងទទូចដល់បងប្អូនអាជីវករទាំងអស់ នៅក្នុងរាជធានីភ្នំពេញ មុននឹងទទួលទំនិញផ្សេងៗ (គ្រឿងបរិភោគ) ​មកលក់បន្តជូនបងប្អូនប្រជាពលរដ្ឋ ​យកទៅពិសារនោះ​ ត្រូវធ្វើការពិនិត្យឲ្យបានច្បាស់ពីស្លាកសញ្ញា​ នឹងពេលវេលាកំណត់របស់ទំនិញនីមួយៗ​ ជាពិសេសអាជីវករដែលទិញលក់​ បន្លែ​ ត្រីសាច់​ ត្រូវស្គាល់ពីអាស្រ័យដ្ឋាននឹងយីហោម្ចាស់ទំនិញ​ ដើម្បីងាយស្រួលពេលមន្ត្រីជំនាញចុះពិនិត្យឃើញ មានសារធាតុគីមី​ អាចបង្ក្រាបនឹងទប់ស្កាត់ទាន់ពេលវេលា​។

​គួរបញ្ជាក់ថា​ នៅព្រឹក​ថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០១៧​ ដោយមានការណែនាំបន្ថែមពី​លោក ពេញ  ធារម្យ​ ប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានបញ្ជាឲ្យមន្ត្រីសាខាផែស្ងួតចុងទីភ្នំពេញ​ សហការជាមួយជាមន្រ្តីមន្ទីរ ពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បានចុះត្រូតពិនិត្យទំនិញម្ហូបអាហារនៅផ្សារទំនប់ និងតាមបណ្តាហាងស្តាម៉ាតស្ថិតក្នុងខ័ណ្ឋឬស្សីកែវ​ ដើម្បីស្វែងរកនូវសារធាតុគីមីហាមឃាត់ ដែលអាជីវករមួយចំនួនតូចបានប្រើប្រាស់​ ដែលជាកង្វល់របស់បងប្អូនប្រជាពលរដ្ឋ​ ចំពោះសុវត្ថិភាពម្ហូបអារហារ​។

លោក​ គង់​ វុទ្ធី​ អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានដឹកនាំ​មន្ត្រីកាំកុងត្រូលបានធ្វើការណែនាំក្រុមអាជីវករ​ ដាក់តាំងលក់ផលិតផលឲ្យ ត្រូវតាមលក្ខណៈបច្ចេកទេស​ ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុ​ពុល និងម្ហូបអាហារ​  ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ​ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។​

លោក​បញ្ជាក់បន្ថែមថា​ ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនេះ​ មិនមានការដកហូតទំនិញអ្វីឡើយ​ ដោយសារការធ្វើពិនិត្យទៅលើ​ បង្គាស្រស់​ មឹក​ ត្រីងៀត​ បន្លែ​ គុយទាវក្រៀម​ មីស្រល់​ នឹងត្រីសាច់ផ្សេងៗគ្មានការផ្ទុកនៅសារធាតុគីមី​ ហើយក្នុងប្រតិបត្តិ​ ការនោះក្រុមការងារបានបើករថយន្តពិសោធន៍ ចុះទៅដល់ទីតាំងផ្សារទំនប់ដើម្បីពិសោធន៍ទំនិញភ្លាមៗតែម្តង​ ដើម្បីងាយស្រួលពេលពិនិត្យឃើញមានសារធាតុគីមី គឺក្រុមការងារនឹងចុះដកហូតទប់ស្កាត់មិនអោយចែកចាយបន្ត៕​