(តាកែវ)៖ លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកព្រៃកប្បាសខេត្តតាកែវ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យកម្ពុជា មានសុខសន្តិភាព ពេញលេញតាមរយៈនយោបាយឈ្នះឈ្នះ។
លោក យឹម ណុលឡា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រធាន អនុប្រធានបក្ស មេភូមិ អនុប្រធានភូមិ សមាជិកភូមិ បេក្ខជនក្រុមប្រឹក្សាឃុំទាំងពេញសិទ្ធិ ត្រៀម និងបម្រុង និងប្រជាការពារភូមិចំនួន ៤៣៩នាក់នៃឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ដោយមានការចូលរួមពីលោក កែវ រ៉េមី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស លោក ហែម សាឯម ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំអង្កាញ់ និងក្រុមការងារថ្នាក់ឃុំស្រុកផងដែរ។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា «មានសន្តិភាពទើបមានការអភិវឌ្ឍ។ អាស្រ័យដោយមានការអភិវឌ្ឍ ជាលំដាប់ដូច្នេះហើយ ទើបធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនជាលំដាប់ ដែលកំណើនសេដ្ឋកិច្ចនោះ មានថេរជាមធ្យមប្រចាំឆ្នាំ៧% ហើយផលិតផលសរុបក្នុងស្រុកជាមធ្យម សម្រាប់មនុស្សម្នាក់ៗកើនពី ៥៥៨ដុល្លារអាមេរិកក្នុងឆ្នាំ២០០៦ ដល់១៣០០ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៦។ នៅឆ្នាំ២០១៧ នេះកម្ពុជាបាន ចាកចេញពីចំណាត់ថ្នាក់ជាប្រទេសចំណូលទាបក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងសម្រេចបាននូវគោលដៅជាតិដែលមានបំណងប្រែក្លាយជាប្រទេសមានចំណូលមធ្យមម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០»។
លោកបន្តថា «ដោយសារកម្ពុជាមានកំណើនដូច្នេះទើបហេដ្ឋារចនាសម្ព័ន្ធរចនាសម្ព័ន្ធផ្លូវ ស្ពានបានស្ថាបនាតាំងពី ជនបទរហូតដល់ទីប្រជុំជន ភូមិឃុំស្រុកខេត្តរាជធានី។ ព្រមជាមួយនោះ បៀវត្សមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បានកើនឡើង។ រីឯតម្លៃអគ្គីសនី និងទឹក ក៏ត្រូវបានចុះថ្លៃផងដែរ»។
ទាក់ទងទៅនឹងសំដីរបស់ថ្នាក់ដឹកនាំនៃគណបក្សសង្រ្គោះជាតិដែលនិយាយថា៖ «មិនយកខ្មែរណាជាសត្រូវទេ» និង «អញ្ជើញកងកម្លាំងប្រដាប់អាវុធកម្ពុជាទាំងអស់ចូលរួមធ្វើការជាមួយ នៅពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតនោះ» លោក យឹម ណុលឡា បានឆ្លើយថា នេះគឺជាសម្តីប្រជាភិថុតដើម្បីរកសម្លេងឆ្នោតស្តារ ប្រជាប្រិយភាពឡើងវិញ តែប៉ុណ្ណោះ។ ប៉ុន្តែការលាបពណ៌ ការជេប្រទិច ការប្រមាថមាក់ងាយនៅតែបន្តកើតមាននៅក្នុងចំណោមមេដឹកនាំ និងអ្នកគាំទ្រគណបក្សប្រឆាំង។
កន្លងទៅលោក សម រង្សី អតីតប្រធានគណបក្សសង្រ្គោះជាតិបាននិយាយថា បើបក្សខ្លួនឈ្នះឆ្នោត និងរឹបអូសយក ទ្រព្យសម្បត្តិ ដីធ្លីពីអ្នកមាន ពីឧកញ៉ាទាំងឡាយមកវិញ និងព្រមានពីការបង្រ្កាបតាមបែបយោធា បើសិនជា គណបក្សខ្លួនឈ្នះឆ្នោត បើមិនមានការផ្ទេរអំណាចឲ្យទេនោះ។ ទន្ទឹមនោះលោក សម រង្សី ក៏បានអំពាវនាវឲ្យ សហគមន៍អឺរ៉ុបឈប់ទិញសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជា ក្នុងគោលបំណងធ្វើឲ្យសេដ្ឋកិច្ចចុះខ្សោយ និងធ្វើឲ្យកម្មករគ្មានការងារធ្វើ។
ដើម្បីឈ្នះឆ្នោតក្រុមប្រឹក្សាឃុំនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា បានក្រើនរំលឹកដល់ប្រធានក្រុមបក្សអនុប្រធានក្រុមបក្ស មេភូមិ អនុប្រធានភូមិ សមាជិកភូមិ និងបេក្ខជនក្រុមប្រឹក្សា ឃុំទាំងអស់ត្រូវបម្រើប្រជាជនឲ្យអស់ពីចិត្តពីថ្លើម និងធ្វើអំពើល្អជានិច្ច។ ត្រូវបន្តជម្រុញ កិច្ចការការពារថែរក្សាស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋានឲ្យ បានរឹងមាំជាពិសេសជម្រុញ ការអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានខ្លាំងក្លា និងមានប្រសិទ្ធិភាពដើម្បីធានាការរស់នៅ ដ៏សុខសាន្តរបស់ប្រជាជននៅមូលដ្ឋានរបស់ខ្លួន។
លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា បានផ្តាំផ្ញើដល់សមាជិក សមាជិកានៃអង្គពិធីទាំងអស់ត្រូវរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាពទោះបីមានការថ្នាំងថ្នាក់ចំពោះ អំពើអសកម្ម មួយចំនួនដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនក៏ដោយក៏មិនត្រូវ «ខឹងគោទៅវាយរទេះនោះទេ»។
លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា បន្តថាសមាជិកបក្សម្នាក់ៗជាសន្លឹកឆ្នោតពិតប្រាកដរបស់បក្ស។ ព្រមជាមួយត្រូវចលនា គ្រួសារមានប្រពន្ធ ឬប្តី ឪពុកម្តាយបង្កើត ឪពុកម្តាយក្មេក កូនចៅនិងបងប្អូនឲ្យទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា៕