(ស្ទឹងត្រែង)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០១៧នេះ បន្តយកអាវភ្លៀងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅចែកជូនកងទ័ពនៅយោធភូមិភាគទី១។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងបង្ហាញពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះសុខទុក្ខរបស់កងទ័ពទាំងអស់ ដែលកំពុងនឹងឈរជើងការពារ បូរណភាពទឹកដី និងសន្តិសុខសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ប្រាប់កងទ័ពថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំ ដែលបានផ្តើមជីវិតចេញពីកងទ័ពតស៊ូក្នុងព្រៃតាំងពីអាយុ ១៨ឆ្នាំម្ល៉េះ ដូច្នេះសម្តេចបានយល់យ៉ាងច្បាស់ ពីជីវិតរបស់កងទ័ព និងទុក្ខលំបាកដែលពួកគេបានជួបប្រទះ។
សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជនកម្ពុជាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញនេះ បានថ្លែងជំរុញថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព។ ក្នុងរដូវភ្លៀងនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យនាំយកអាវភ្លៀងជាអំណោយ របស់សម្តេចទៅចែកជូនកងទ័ពឲ្យបានគ្រប់ៗគ្នា។
សម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ក្នុងជីវិតជាកងទ័ពសម្តេចបានស្គាល់គ្រប់រសជាតិ ទាំងការចងអង្រឹង ដេកហាលភ្លៀង និង ការឈរដេកផ្អែកដើមឈើក៏មាន។
លោកឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការយោធភូមិភាគទី១ ជំនួសមុខឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចទាំងពីរ និងប្តេជ្ញាអនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ ថ្លែងក្នុងខួបលើកទី១០ ទិវាអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី១០ ខែឧសភា ដោយឥតងាករេ ដើម្បីការពាររាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ទោះជាត្រូវធ្វើពលីកម្មក៏មិនរាថយដែរ៕