(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ០២ខ្សែ ស្ថិតក្នុងភូមិបុរីកម្មករ និងភូមិព្រែកប្រណាក សង្កាត់ជើងឯក។
មន្រ្តីសាលាខណ្ឌដង្កោ បានឲ្យដឹងថា ផ្លូវបេតុងទាំង២ខ្សែ ជាផ្លូវគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ ឆ្នាំ២០១៧ របស់សង្កាត់ជើងឯក រួមមាន៖
- ខ្សែទី១ មានប្រវែង ១០៦ម៉ែត្រ ទទឹង០៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងបុរីកម្មករ
- ខ្សែទី២ មានប្រវែង ៤៣២ម៉ែត្រ ទទឹង០៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិព្រែកប្រណាក។
ជាមួយគ្នានេះ លោកអភិបាលបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា តួយ៉ាងផ្លូវបេតុងថ្មីដែលបើកការដ្ឋានស្ថាបនានាពេលនេះជាសក្ខីភាពស្រាប់។
ផ្លូវបេតុងថ្មីទាំង០២ខ្សែនេះ នឹងសម្រួលដល់ការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋទាំង០២ភូមិ ក្នុងការប្រកបរបរចិញ្ចឹមជីវិត និងមានផាសុខភាពសម្រាប់ការរស់នៅផងដែរ។
បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់គិតគូរដល់ការលំបាករបស់ពួកគាត់ និងដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា៕