(ភ្នំពេញ)៖ ភាពឈឺចាប់បានកើតឡើងថ្មីចំពោះ លោក សាំង សុឥន្ទរិទ្ធ អតីតអ្នកកាសែត The Cambodia Daily ដែលមានជំងឺរ៉ាំរ៉ៃជាប់ខ្លួន បន្ទាប់ពី កាសែតបរទេសនៅកម្ពុជាមួយនេះ បានសរសេរអំពីរឿងលោកទទួលបានការឧបត្ថម្ភថវិកាពីសម្តេចតេជោ ហ៊ុន សែន ដើម្បីព្យាបាលជំងឺ។ លោក សាំង សុឥន្ទរិទ្ធ បាននិយាយទាំងឈឺចាប់ប្រាប់ Fresh News នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះថា ការចុះផ្សាយរបស់កាសែត The Cambodia Daily ប្រៀបបីដូចជាការដុតសម្លាប់លោកទាំងរស់តែម្តង។

ភាពខឹងសម្បារបស់លោក សាំង សុឥន្ទរិទ្ធ អ្នកកាសែតជើងចាស់ ដែលបម្រើបរទេសជាង២០ឆ្នាំមកនេះ បានធ្វើឡើងបន្ទាប់ពីកាសែត The Cambodia Daily បានដកស្រង់សម្តីរបស់លោក នៅក្នុងអត្ថបទមួយដែលដាក់ចំណងជើងថា «នៅឯវេទិកាសេដ្ឋកិច្ចពិភពនាយករដ្ឋមន្ត្រីសរសើរ ពីកំណើនសេដ្ឋកិច្ច ហើយដាស់តឿនអ្នកកាសែត»

លោក សាំង សុឥន្ទរិទ្ធ នៅក្នុងអត្ថបទនោះ កាសែតនេះបានយកពាក្យរបស់លោកយកទៅឆ្នៃសរសេរតែ១ឃ្លាខ្លីតាមគំនិតមិនស្មោះត្រង់របស់ខ្លួន ដែលទង្វើបំភ្លៃនេះ ធ្វើឱ្យប្រាស់ចាកខ្លឹមសារដើម ខុសពីការពិតនូវសម្តីរបស់លោក ទាក់ទងនឹងការជួយថវិកាចំនួន២ម៉ឺនដុល្លារពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានចិត្តសប្បុរសជ្រាលជ្រៅថ្លៃថ្លាជួយសង្រ្គោះជីវិតរបស់លោក។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែឧសភានេះ លោក សាំង សុឥន្ទរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ការសរសេររបស់ កាសែត The Cambodia Daily ដែលមួលបង្កាច់សម្តី និងប្រមាថគុណធម៌អ្នកជួយខ្ញុំគឺជាការដុតសម្លាប់ជីវិតខ្ញុំទាំងរស់»

លោក សាំង សុឥន្ទរិទ្ធ ដែលបានប្រឡូកក្នុងវិស័យសារព័ត៌មានជាង២០ឆ្នាំ និងជាអ្នកកាសែតបរទេស The Cambodia Daily ត្រូវបានអង្គភាពរបស់ លោក គឺកាសែត The Cambodia Daily បញ្ឈប់ពីការងារនាថ្មីៗនេះ បន្ទាប់ពីលោក មានជំងឺប្រចាំកាយហើយសម្រាកព្យាបាលក្រោកមិនរួច នៅឯកមន្ទីរពេទ្យ។ លោក សាំង សុឥន្ទរិទ្ធ មានជំងឺទឹកផ្អែម ដោយស្ថិតនៅក្នុងដំណាក់កាលធ្ងន់ធ្ងរ។

ដោយមានទឹកចិត្តសណ្តោសប្រណី កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយឧបត្ថម្ភទឹកប្រាក់ ២ម៉ឺនដុល្លារសម្រាប់ព្យាបាលជំងឺ គ្រាដែលកាសែតរបស់លោក បោះបង់រូបលោកចោល ហើយបន្ទាប់ពី លោក សាំង សុឥន្ទរិទ្ធ សរសេរលិខិតរៀបរាប់ពីជីវិតកំសត់របស់លោក។

ក្នុងសន្និសីទស្តីពីវេទិកាសេដ្ឋកិច្ចពិភពលោក កាលពីម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានយករឿងនេះ ដើម្បីដាស់តឿនប្រាប់ ដល់អ្នកសរសេរព័ត៌មានឲ្យបរទេសដូចជា វិទ្យុអាស៊ីសេរី និងកាសែត The Cambodia Daily ថា ពួកគេសរសេរព័ត៌មានអាក្រក់ពីសម្ដេចជិត២០ឆ្នាំហើយ តែសម្ដេចមិនខឹងសម្បារអ្វីទេ មានតែស្នើទៅវិញថា សូមឲ្យសរសេរ ព័ត៌មានត្រឹមត្រូវ តាមការពិត មិនលំអៀងទោរទន់ទៅខាងបរទេស ហើយគួរកុំឱនក្បាលបម្រើបរទេសទាំងនោះឲ្យសោះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «សូមក្មួយៗទាំងពីរនាក់ ដែលជាវិទ្យុអាស៊ីសេរី និង Cambodia Daily ត្រូវសរសេរឲ្យបាន ត្រឹមត្រូវ ព្រោះនេះកំពុងផ្សាយបន្តផ្ទាល់ច្រើនវិទ្យុ ច្រើនទូរទស្សន៍ណាស់ក្មួយ បើក្មួយយកទៅសរសេរខុស អត្ថាធិប្បាយខុស នោះនឹងគេបានឃើញថា ពួកក្មួយៗដែលធ្វើការឲ្យបរទេស គឺពិតជាខ្ញុំបម្រើបរទេសពិតប្រាកដហើយ ពូមិនចង់ឮពាក្យទាំងនេះទេ អ្នកសរសេរឲ្យ Cambodia Daily ម្នាក់ ឈ្មោះរិទ្ធ សរសេរជេរពូស្ទើរតែ២០ឆ្នាំ ពេលដែលឈឺ Cambodia Daily បោះបង់ចោល ម្សិលមិញពូបានបញ្ជូនលុយ២ម៉ឺនដុល្លារសម្រាប់សង្រ្គោះគាត់ ក្មួយត្រូវយល់ទឹកចិត្តខ្មែរមានដូចគ្នា ក្មួយកុំទៅជ្រុលនិយមតាមជនបរទេស វាប្រសើរជាង នេះជាការដាស់តឿនទេក្មួយ តែមិនមែនឲ្យក្មួយឈប់ប្រឆាំងនឹង ពូនោះទេ ប្រសិនក្មួយជាអ្នកប្រឆាំងមនុស្សរាប់លាននាក់កំពុងមើលតាមទូរទស្សន៍»