(កំពង់ធំ)៖ ចាហួយដូង ទឹកដោះគោ ទឹកប៉េងប៉ោះ ត្រីខ ប័រ ដែលខូចគុណភាពនាំចេញពីប្រទេសវៀតណាម និងថៃ ដែលក្រុមអាជីវករ យកដាក់លក់ នៅផ្សារចាស់ ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងនោះ ត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានរកឃើញ និងប្រមូលយកទៅដុតកម្ទេចចោល។
ការរកឃើញទំនិញខូចគុណភាពទាំងនេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ ពេលមន្រ្តីកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារចាស់ ស្ថិតនៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីចូលរួមលើកកម្ពស់សុខភាព និងសុវត្ថិភាពចំណីអាហារ តាមការណែនាំពីថ្នាក់ដឹកនាំ។
មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីចុះត្រួតពិនិត្យ ក្រុមការងារបានរកឃើញផលិតផលជាច្រើន ដែលខូចគុណភាព ដូចជា៖ ចាហួយដូងម៉ាក Thanh Binh ចំនួន២៨កេស ផលិតនៅវៀតណាម, ទឹកដោះគោ ម៉ាក Myboy ចំនួន៩កំប៉ុង ផលិតនៅប្រទេសថៃ, ទឹកប៉េងប៉ោះ ចំនួន២កំប៉ុង ផលិតនៅប្រទេសចិន, ត្រីខ ចំនួន២កំប៉ុង ផលិតនៅប្រទេសថៃ និងប័រ ចំនួន៨កំប៉ុង ផលិតនៅប្រទេសវៀតណាម។ បន្ទាប់ពីរកឃើញទំនិញខូចគុណភាពទាំងនេះ ក្រុមការងារទាំងអស់បានធ្វើកំណត់ហេតុ និងដកហូតយកទៅដុតកម្ទេចចោលផងដែរ ។
ក្រុមកាងារក៏បានចែកផ្សាយ នូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង ពីផលវិបាកដែលបណ្តាល មកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
ទន្ទឹមនឹងនេះ ក្រុមការងារបានណែនាំដល់អាជីវករ ឲ្យចៀសវៀងពីការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំអាជីវករឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងនូវការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ីស និងទំនិញដែលមានសារធាតុគីមីហាមឃាត់។
មន្រ្តីកាំកុងត្រូលបានបញ្ជាក់ថា ក្រោមការណែនាំពីសំណាក់ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ពិសេសទំនិញនាំចូលតាមមាត់ច្រកទ្វារព្រំដែន ដើម្បីចូលរួមចំណែកលើការការពារសុវត្ថិភាព ចំណីអាហារដល់ប្រជាពលរដ្ឋ៕