(រតនគិរី)៖ លោក ហ្សាការីយ៉ា អាដាម សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈចលនាសាសនិក ឥស្លាមកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ បានចុះជួបសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាព ថ្នាក់ដឹកនាំ សមាជិកសមាជិកា គណៈចលនាសាសនិក របស់គណបក្សប្រជាជនកម្ពុជាចំនួន១៥០នាក់។
ពិធីនេះប្រព្រឹត្តទៅ ក្នុងសាលប្រជុំគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី ដោយមានការចូលរួមពីលោក ម៉ួង ប៉យ ប្រធានគណៈកម្មាធិការប្រជាជនកម្ពុជាខេត្តផងដែរ។
ថ្លែងក្នុងពិធីខាងលើនេះ លោក ហ្សាការីយ៉ា អាដាម បានលើកឡើងពីគុណបំណាច់របស់ CPP ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានខិតខំពុះពារគ្រប់ឧបសគ្គដឹកនាំប្រទេសឲ្យមានសុខសន្តិភាព, មានការរីកចំរើន ដូច្នេះយើងជាសមាជិក សមាជិកាចលនា សាសនិកឥស្លាម ត្រូវតែតបស្នងសងគុណចំពោះ គណបក្សប្រជាជនកម្ពុជា, ព្រោះថាបើគេធ្វើល្អជាមួយអ្នក, អ្នកត្រូវធ្វើល្អវិញ (ព្រះអាឡា)។
លោក ហ្សាការីយ៉ា អាដាម បន្តថា ដើម្បីតបស្នងសងគុណនោះ គឺត្រូវទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃអាទិត្យទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានោះ លោកក៏បានជូនថវិកាក្នុងម្នាក់២ម៉ឺនរៀល ពីលោក ឧកញ៉ា ឧស្មាន់ ហាសាន់ ប្រធានគណៈចលនាសាសនិក ឥស្លាមកម្ពុជាផងដែរ៕