(ភ្នំពេញ)៖ និស្សិតវ័យក្មេងអាយុ២៣ឆ្នាំម្នាក់ បានឈ្នះរង្វាន់របស់ក្រុមហ៊ុនឆ្នោតកីឡាជាតិ ដែលខ្លួនបានទិញឆ្នោតកីឡាជាតិបានចំនួន១ដុំ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញ ដែលមានសំណាងឈ្នះរង្វាន់ទឹកប្រាក់២២,០០០,០០០រៀល។ ម្ចាស់រង្វាន់រូបនេះត្រូវបាន ប្រធានប្រតិបត្តិក្រុមហ៊ុន ឆ្នោតកីឡាជាតិ ប្រគល់ជូនមូលប្បទានបត្រទឹកប្រាក់ ចំនួន២២លានរៀល នៅទីស្នាក់ការក្រុមហ៊ុនឆ្នោតកីឡាជាតិ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ។
លោក ឈាង ផល្លេង ប្រធានផ្នែកទីផ្សារឆ្នោតកីឡាជាតិ បានឲ្យដឹងថា អ្នកដែលត្រូវឆ្នោតរង្វាន់ធំនេះមានឈ្មោះ ប៉ុន ស្រីនិត ភេទស្រីអាយុ ២៣ឆ្នាំ មុខរបរ ជានិស្សិតឆ្នាំទី៤ រស់នៅភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោកបានបញ្ជាក់ថា «អតិថិជនរូបនេះ បានទិញឆ្នោតកីឡាជាតិយើងចំនួនតែមួយដុំប៉ុណ្ណោះ ស្រាប់កោសទៅឃើញឈ្នះរង្វាន់នៅសន្លឹកឆ្នោត ដែលមានលេខឈ្នះទឹកប្រាក់ចំនួន២២.០០០,០០០រៀល ធ្វើឲ្យកញ្ញមានអារម្មណ៍សប្បាយរំភើបរីករាយបន្ទាប់ពីកោសសន្លឹកឆ្នោតបានឈ្នះរួច។
លោកប្រធានផ្នែកទីផ្សារក្រុមហ៊ុន បានបន្តថា អតិថិជនណាបានទិញឆ្នោតកីឡាជាតិនេះ គឺបានចូលរួមលើកស្ទួយវិស័យកីឡាជាតិយើង មិនតែប៉ុណ្ណោះក៏បានចូលរួមដើម្បីលើកស្ទួយវិស័យជាតិ(ស៊ីហ្គេម) នៅឆ្នាំ២០២៣ ដោយកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះផងដែរ៕