(ពោធិ៍សាត់)៖ ដោយមើលឃើញពីការពលីជីវិត ដើម្បីជាតិដ៏ធំធេងរបស់កងកម្លាំងមួកខៀវកម្ពុជានោះ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រមុខដឹកនាំកាកបាទក្រហមកម្ពុជា បានចាត់ចែងក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា បាននាំយកបច្ច័យ ២០លានរៀល ទៅចូលរួមបុណ្យសព លោកព្រិន្ទបាលទោ មុំ តុលា ទាហានមួកខៀវកម្ពុជា ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ នៅប្រទេសអាហ្រ្វិកកណ្តាល។
ពិធីបុណ្យសពលោកព្រិន្ទបាលទោ បានធ្វើឡើងនៅគេហដ្ឋានរបស់លោកផ្ទាល់ នៅភូមិក្បាលហុង ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ខណៈដែលសពជនរងគ្រោះ មិនទាន់បានបញ្ជូនមកដល់ប្រទេសកម្ពុជានៅឡើយទេ គឺត្រូវចំណាយពេលប្រមាណ២សប្តាហ៍ទៀតយ៉ាងតិច។
ជាមួយនឹងការចូលរួមជាបច្ច័យ២០លានរៀលនេះ កាកបាទក្រហម ក៏បាននាំយកនូវអំណោយផ្សេងៗទៀតជូនគ្រួសារសព ក្នុងនោះមានដូចជា អង្ករ ២០០គីក, ត្រីខ ៥យួរ, មី ៥កេស, អូវ៉ាន់ទី ១កេស, ស្ករស ១០គីឡូ, ទឹកក្រូច ១០កេស ទឹកដោះគោឆៅ១កេស និង គូលេនកំប៉ុង ចំនួន១កេសផងដែរ។
ការនាំយកបច្ច័យទៅចូលរួមបុណ្យសពទាហាន ដែលបានធ្វើពលិកម្មនេះ ជាការបង្ហាញទឹកចិត្តសប្បុរសធម៌ ដ៏ធំធេងរបស់កាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានខិតខំ និងយកចិត្តទុក្ខដាក់ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះ។ ការចូលរួមថវិកានេះ ក៏ជាបង្ហាញពីអំពីការដឹងគុណ ដ៏អនេករបស់ទាហានកម្ពុជា ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិកម្ពុជា។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី នៃកាកបាទក្រហមកម្ពុជាទាំងអស់ មានសេចក្ដីរន្ធត់យ៉ាងក្រៃលែង និងសោកស្ដាយជាទីបំផុត នៅពេលទទួលព័ត៌មានថា ទាហានមួកខៀវកម្ពុជា ៤រូប បានទទួលមរណភាពនៅប្រទេសអាហ្រ្វិកកណ្ដាលនេះ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយនឹងក្រុមគ្រួសារនៃសព ហើយសូមឲ្យវិញ្ញាណក្ខន្ធសពទាំង ៤រូប បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្ត កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា នៅយប់រំលងអាធ្រាត្រ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ មានការវាយប្រហារ ដោយក្រុមឧទ្ទាមទៅលើក្បួនយុទ្ធ ដំណើររបស់កម្លាំង Minusca របស់អង្គការ សហប្រជាជាតិ បណ្តាលឱ្យកម្លាំងកម្ពុជាម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ, ៣នាក់ទៀតស្លាប់ នៅប្រមាណ២គីឡូម៉ែត្រ ពីកន្លែងកើតហេតុ និងម្នាក់រងរបួស។
ទាហានមួកខៀវកម្ពុជា ៤រូប ដែលពិលីជីវិតនោះរួមមាន៖ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរប៊ុលដូស៊ែរ, លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និង លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យផងដែរ៕