(ភ្នំពេញ)៖ យុវជនកម្ពុជាច្រើនឡើងៗ បានចាប់ផ្តើមពង្រីកខ្លួន នៅលើឆាកអន្តរជាតិទាំងនៅក្នុងស្ថាប័នធំៗ ក្នុងតំបន់និងនៅពិភពលោក។វត្តមានបែបនេះ មិនចាំបាច់តែនិស្សិត ឬយុវជនស្ថិតក្នុងស្ថាប័នរដ្ឋ ឬត្រូវមានខ្សែ ឬមានបក្សពួកអ្វីនោះឡើយ ពោលគឺដោយគ្រាន់តែយុវជនទាំងនោះ ត្រូវខិតខំប្រឹងប្រែង ព្យាយាម តស៊ូ និងការតាំងចិត្តខ្ពស់។
អគ្គលេខាធិការអាស៊ាន ស្ថិតនៅប្រទេសឥណ្ឌូណេស៊ី អង្គការយូណេស្កូនៅទីក្រុងប៉ារីសប្រទេសបារាំង និងស្ថាប័នអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូយកសហរដ្ឋអាមេរិក ក៏ដូចជា៖ ស្ថាប័នរូបិយវត្ថុធំៗ IMF World Bank ឬ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ល។ បានស្ថិតនៅក្នុងក្តីស្រមៃរបស់និស្សិតកម្ពុជា ដែលត្រូវឈោងចាប់យក និងបញ្ជ្រៀតខ្លួនចូលដើម្បីអនាគតរបស់ពួកគាត់ ដែលត្រូវតែប្រជែងការងារជាមួយ នឹងយុវជនឬនិស្សិតមកពីបណ្តាប្រទេសអាស៊ានដ៏ទៃទៀត។
ដោយមើលឃើញពីឱកាសដ៏ធំធេងបែបនេះ និងជាប្រយោជន៍ដើម្បីចូលរួមដល់ការអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជា សាកលវិទ្យាល័យ អាមរិកាំងភ្នំពេញ(AUPP) ដែលជាសាកលវិទ្យាល័យនាំមុខគេលើ គុណភាពអប់រំទូទៅនៅកម្ពុជា បានស្វះស្វែងជួយដល់យុវជន ឬនិស្សិតដែលមានសមត្ថភាព ដើម្បីចាប់យក ឱកាសធ្វើកម្មសិក្សា ឬទៅធ្វើការនៅស្ថាប័នធំៗដូចរៀបរាប់ខាងលើ។
មិនដល់ពីរឆ្នាំផង AUPP បានបញ្ជូននិស្សិតរបស់ខ្លួនជិត១០រូប ទៅកាន់ស្ថាប័នកំពូលដល់ទៅបីគឺ៖ អគ្គលេខាធិការអាស៊ាននៅឥណ្ឌូណេស៊ី អង្គការយូណេស្កូ នៅទីក្រុងប៉ារីស និងអង្គការសហប្រជាជាតិនៅទីក្រុងញ៉ូយក ទាំងរយៈពេលខ្លី និងមធ្យមដើម្បីចាប់យកបទពិសោធន៍ មុននឹងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញា បត្រ។ យ៉ាងណាក៏ដោយ ដើម្បីទទួលបានឱកាសធ្វើកម្មសិក្សានៅស្ថាប័នកំពូលៗបាន លុះត្រាតែនិស្សិត នោះមានសមត្ថភាពខ្ពស់និងចំណេះដឹងផ្នែកភាសានិងចេញពីសាកលវិទ្យាល័យដែលមានគុណភាពអប់រំខ្ពស់។
លោកស្រីបណ្ឌិត Billie Slott ជាសាស្រ្តាចារ្យផ្នែកច្បាប់ និងទទួលបន្ទុកកិច្ចការនិស្សិតរបស់ សាកលវិទ្យាល័យ AUPP បានថ្លែងថា «ការបញ្ជ្រាបនិស្សិតខ្មែរ ទៅហាត់ការ (កម្មសិក្សា) នៅស្ថាប័នកំពូលៗទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងនៅឆាកអន្តរជាតិ គឺជាផ្នែកមួយនៃកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ AUPP ហើយក៏ជាកិច្ចការផ្ទាល់ដែលលោកស្រីជាអ្នកទទួលបន្ទុក»។
AUPP ជាសាកលវិទ្យាល័យតែមួយគត់នៅកម្ពុជា ដែលនិស្សិតរៀនចប់ថ្នាក់បរិញ្ញាបត្រនឹងទទួលបាន សញ្ញាបត្រពីរ មួយចេញដោយ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យដៃគូរនៅសហរដ្ឋ អាមេរិក (University of Arizona ឬ Fort Hays State University)៕