Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាល បង្ក្រាបក្រុមជួញដូរថ្នាំញៀន៣នាក់ ម្នាក់ជាពិរុទ្ធជន និងជាអ្នកបញ្ជាចេញពីពន្ធនាគារខេត្តសៀមរាប, ដកហូតថ្នាំជិត១គីឡូក្រាម

12-05-2017 11:43

(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យ «ក៥» សហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប​បានបើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួន ក្រុមជួញដូរគ្រឿងញៀន៣នាក់ ក្នុងនោះ មានម្នាក់ គឺជាពិរុទ្ធជនកំពុងជាប់ឃុំក្នុងពន្ធនាគាខេត្តសៀមរាប​ ហើយក៏ជាអ្នកបញ្ជាចេញពីពន្ធនាគារផងដែរ ព្រមទាំងដកហូត ថ្នាំញៀនជិត១ គីឡូក្រាមផងដែរ។

ជនជួញដូរគ្រឿងញៀនទាំង៣រូបនេះ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន យកមកបង្ហាញមុខ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោយចាប់ខ្លួនកាលពីថ្ងៃទី០៨ ខែឧសភា ដោយ២នាក់ចាប់ខ្លួន នៅតាមផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ និងម្នាក់ទៀតជាទណ្ឌិត ជាប់ឃុំនៅបន្ទប់លេខ១៩ ក្នុងពន្ធនាគារខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់អ្នកកាសែតឲ្យដឹងថា ប្រតិបត្តិការតាមបង្ក្រាប ក្រុមជួញដូរគ្រឿងញៀន ទាំងនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នង​ការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ពីតំណាងអយ្យការ។

បើតាមលោកឧត្តមសេនីយ៍ ក្រោយការចាប់ខ្លួនកម្លាំងនគរបាល បានដកហូតគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួន៩៧៥.១២ក្រាម ព្រមទាំងដកហូតទូរស័ព្ទដៃ៥គ្រឿង និងម៉ូតូC125 ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BN-2762។

លោកបានបញ្ជាក់ថា ជនសង្ស័យទី១៖ឈ្មោះ ផា និត អាយុ៤១ឆ្នាំ, ទី២៖ ឈ្មោះ ឈួន សំណាង អាយុ៣៤ឆ្នាំ និងទី៣៖ឈ្មោះ ឈួន វណ្ណដា អាយុ៤៩ឆ្នាំ គឺជាអ្នកបញ្ជាចេញពីពន្ធនាគារ។ ក្រោយបញ្ចប់ការបង្ហាញមុខ ជាសាធារណៈជនជួញដូរគ្រឿងញៀនទាំង៣រូប ត្រូវបញ្ជូនទៅកាន់តុលាការ ចាត់វិធានការតាមផ្លូវច្បា​ប់បន្ដទៀត។

លោកឧត្តមសេនីយ៍ សាន សុទ្ធី​ បានបញ្ជាក់ថា​ នៅពេលនេះ កម្លាំងនគរបាលបាននិងកំពុងតាមចាប់ខ្លួន មេក្លោងម្នាក់ទៀតផងដែរ៕