(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុនបានរៀប​ចំកិច្ចពិភាក្សា​មួយ ​ស្តីពី​ហេដ្ឋា​រចនា​សម្ព័ន្ធ ប្រកបដោយគុណភាព ក្រោមប្រធានបទ «ការ​កសាងអនាគត​របស់អាស៊ី»​ សំដៅបង្ហាញ ភាគីពាក់ព័ន្ធរបស់អាស៊ានថា ​ជប៉ុនប្តេជ្ញា​គាំទ្រអាស៊ាន និង​ដើរតួនាទីយ៉ាង​សំខាន់នៅក្នុង​តំបន់។

នៅក្នុងកិច្ចពិភាក្សានោះ មានការចូលរួមពីលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន​ប្រចាំកម្ពុជា ព្រមទាំងវាគ្មិន​ជាអគ្គនាយក នាយកប្រតិបត្តិនៃក្រុមហ៊ុនឯកជន សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងប្រធានគម្រោងមកពីស្ថាប័នផ្សេងៗជាច្រើននាក់ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃ១០ ដល់១២ ខែឧសភា​ ឆ្នាំ២០១៧។

កិច្ចពិភាក្សាដែលជាផ្នែកមួយ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន​ឆ្នាំ២០១៧នេះ ក្នុងគោលបំណងបង្ហាញ​ភាគីពាក់ព័ន្ធអាស៊ាន​ថា ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពខ្ពស់របស់ជប៉ុន មានសារៈសំខាន់ និងចាំបាច់ចំពោះកំណើនសេដ្ឋកិច្ច និងណែនាំនូវអ្វី​ដែលជប៉ុន អាចជួយបាន។ របៀបវារៈនៃវេទិកានេះ​ផ្តោតទៅលើ «អ្វីជាចំណុចសំខាន់ នៃកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពរបស់​​អាស៊ាន? និងតើអាស៊ានមាន​យុទ្ធសាស្ត្រដូចម្តេច ក្នុងការបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការធ្វើឲ្យប្រសើរឡើង នៃទំនាក់ទំនង និងកំណើន​សេដ្ឋ​កិច្ចប្រកបដោយ និរន្តរភាព»

លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន​ប្រចាំកម្ពុជា បានថ្លែងថា «ជាមួយនឹងបទពិសោធន៍ខ្លាំង ខាងការអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធ​របស់ជប៉ុន  ជប៉ុននឹងបន្តរួមចំណែក ពង្រឹងទំនាក់ទំនងរូបវន្ត និងស្ថាប័ននៅក្នុងតំបន់អាស៊ាន។ យើងនឹងបន្តគាំទ្រកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព នៅក្នុងតំបន់ជាមួយដៃគូ សម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាព​និងរួមចំណែកក្នុងការកសាងស្ថាប័ន តាមរយៈការអភិវឌ្ឍ​ធនធានមនុស្ស»

តំណាង​រាជរដ្ឋាភិបាល​កម្ពុជា លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួង​សាធារណការ និងដឹ​កជញ្ជូន បានសម្តែងនូវការដឹង​គុណ ចំពោះកិច្ចសហ​ប្រតិបត្តិការរបស់ជប៉ុន ដល់ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា និងបានទទូចថា តំបន់អាស៊ានត្រូវការថែមទៀត នូវហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាព សម្រាប់កំណើនប្រកបដោយនិរន្តរភាព។

លោក យ៉ាស៊ូហារ៉ូ  ហ៊្វូណាបាស៊ី អគ្គនាយករងទទួលបន្ទុក ផ្នែកស្រាវជ្រាវឧស្សាហកម្ម នៃធនា​គារ Mizuho Bank បានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាព គឺជាកត្តាដ៏សំខាន់ សម្រាប់បង្កើនទំនាក់ទំនង និងកំណើនប្រកបដោយគុណភាព រយៈពេលយូរអង្វែង នៅក្នុងតំបន់អាស៊ាន។ លោកបានលើកឡើងថា គន្លឹះសំខាន់បួន ដែលរដ្ឋាភិបាលជប៉ុន មាននិងកំពុងអនុវត្ត គឺបច្ចេកវិទ្យា​សម្រាប់តម្រូវការក្នុងស្រុក  ការច្នៃប្រឌិតរួម ការប្តេជ្ញារយៈ​ពេលវែង និង ការផ្តល់ប្រសិទ្ធភាព ដល់ជីវិតនិងសេដ្ឋកិច្ច។

គួរបញ្ជាក់ថា នៅចុងបញ្ចប់​នៃជំនួបពិភាក្សា អ្នកចូលរួម​បាន​យល់ស្រប និងសម្រេចថា ការអភិវឌ្ឍហេដ្ឋារច​នាសម្ព័ន្ធ ប្រកបដោយគុណភាព គឺមាន​សារៈសំខាន់ សម្រាប់អនាគត​របស់ខ្លួន ហើយការគាំទ្ររបស់ជប៉ុន មានសារៈសំខាន់​ នៅ​ក្នុងតំបន់៕