(តាកែវ)៖ មនុស្ស​៥នាក់ និងរថយន្តតូរីស២គ្រឿង ដែលផ្ទុកឈើម្រេញប្រភេទលេខ១ និងលេខ២ ដែលដឹកចេញពីខេត្តកំពង់ស្ពឺ បម្រុងយកទៅលក់នៅប្រទេសវៀតណាម តាមច្រកស្រុកអង្គបូរី ត្រូវបាន​កងរាជអាវុធហត្ថខេត្តតាកែវ ធ្វើការស្ទាក់ចាប់ នៅយប់ថ្ងៃទី១១ ខែ​ឧសភា ឆ្នាំ២០១៧ នៅចំណុចសង្កាត់រកា ក្នុង​ក្រុងដូនកែវ។

​លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដែលដឹកនាំប្រតិបត្តិការនេះផ្ទាល់ បានប្រាប់ភ្នាក់ងារ Fresh News ថា កម្លាំងរបស់លោកពិតជាស្ទាក់ចាប់បាន រថយន្តដឹកឈើម្រេញ និ​ងថែមទាំងបានឃាត់ខ្លួនមនុស្ស​៥នាក់ ពិតប្រាកដមែន ពេលនេះលោកកំពុងតែបញ្ជា ឲ្យមន្រ្តីជំនាញស្រាវជ្រាវ រកមុខសញ្ញានៅពីក្រោយខ្នង ដើម្បីចាប់ខ្លួន យកមកផ្តន្ទាទោសទៅតាមច្បាប់។

​មេបញ្ជាការកងរាជអាវុធហត្ថរូបនេះ បញ្ជាក់ថា ​បច្ចុប្បន្ននេះជនសង្ស័យទាំង៥នាក់ ត្រូវបានបញ្ជូនទៅកាន់​​សាលាដំបូងខេត្តតាកែវ ដើម្បីសាកសួរ ហើយរថយន្ត និងឈើ កងរាជអាវុធហត្ថបានប្រគល់ឲ្យខ័ណ្ឌរដ្ឋបាលព្រៃឈើខេ​ត្តតាកែវ ជាអ្នកគ្រប់គ្រង។

​​បើតាមការខ្សឹបខ្សៀវ ពីមន្រ្តីអាវុធហត្ថតូចតាច បានឲ្យដឹងថា ខេត្តតាកែវ គឺជាខេត្តដែលសំបូរទៅដោយរថយន្ត ដឹកឈើពីខេត្តកំពង់ស្ពឺឆ្លងកាត់ យកទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែនស្រុកអង្គរបូរី និងស្រុកបូរីជលសា ដោយក្នុងមួយយប់ៗ រថយន្តដឹកឈើរាប់សិបគ្រឿងបានដឹកឆ្លងកាត់។

រថយន្តដឹកឈើទាំងអស់នេះ អាចដឹកឆ្លងកាត់ខេត្តតាកែវ បានដោយសេរី ក្រោមការការពារពីលោកស្នងការរងនគបាលខេត្ត ដ៏មានឥទ្ធិពលម្នាក់ និងមានការពាក់ព័​ន្ធពីលោកមេព្រៃ លោកប្រធានមន្ទីរកសិកម្មខេត្ត​ ជាពិសេសមានការបើកដៃពី មន្រ្តីគយទ្វាព្រំដែនផងដែរ៕