(ភ្នំពេញ)៖ ថ្នាក់ដឹកនាំខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ បានបន្តបើកការដ្ឋានជួលជុល ផ្លូវបេតុងឆ្អឹងដែក១ខ្សែទៀត ដែលមានប្រវែង១០០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្មើនិង៥០០ម៉ែត្រក្រឡា ជូនប្រជាពលរដ្ឋប្រើប្រាស់ ក្រោមកញ្ចប់ថវិការបស់ខណ្ឌ ស្ថិតក្នុងភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ការបើកការដ្ឋានស្ថាបនាផ្លូវបេតុនេះ ធ្វើឡើងក្រោមវត្តមានលោក ក្រូច ផាន ប្រធានក្រុមព្រឹក្សាខណ្ឌពោធិ៍សែនជ័យ, លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក លោកស្រី អភិបាលរង អធិការខណ្ឌ មេបញ្ជារការកងរាជអាវុធហត្ថខណ្ឌ នាយករងរដ្ឋបាលខណ្ឌ លោក លោកស្រីប្រធាន និងអនុប្រធានការិយាល័យជុំវិញខណ្ឌ លោក លោកស្រីចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាសង្កាត់ លោក លោកស្រីមេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋជាច្រើនផងដែរ។
លោក ហែម ដារិទ្ធិ បានឲ្យដឹងថា ផ្លូវប្រៀបដូចជាសសៃឈាម ដែលមិនអាចខ្វះបានផ្លូវបេតុងឆ្អឹងដែក ដែលស្ថាបនានាពេលនេះ គឺគំរោងអភិវឌ្ឍន៍ ដែលប្រើប្រាស់ថវិកាកញ្ចប់របស់សាលាខណ្ឌ ផ្អែកតាមស្ថានភាពបច្ចុប្បន្នហេដ្ឋារចនាសម្ព័នប្រព័ន្ធ លូរ ផ្លូវ និងប្រឡាយជាដើម ដែលមានការខូចខាតទាមទារឲ្យមានការជួសជុល និងស្តាឡើងវិញ។
អភិបាលខណ្ឌរូបនេះ បន្តទៀតថា ការខូចខាតបែបនេះ គឺដោយសារតែរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំង ហើយទឹកបានដកនៅតាមដងផ្លូវមានរយៈពេលយូរ និងម៉្យាងវិញទៀតប្រព័ន្ធលូរ នៅតាមកន្លែងខ្លះ កកស្ទះហូរ មិនទាន់ដោយសារតែសំរាម និងដីកកស្ទះក្នុងប្រព័ន្ធលូ ប្រឡាយ។
បើតាម លោក ហែម ដារិទ្ធិ ជារៀងរាល់ឆ្នាំ ការរៀបចំផែនការអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌ បានរៀបចំផែនការ
អភិវឌ្ឍន៍របស់ខ្លួន ដោយផ្តោតសំខាន់ៗ ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងលូ ជាអាទិភាព គឺការជួសជុល និងប្រព័ន្ធលូ ប្រឡាយបង្ហូរទឹកស្អុយ ឲ្យមានលក្ខណៈល្អប្រសើរ និងមានគុណភាព សមស្របតាមតម្រូវការរបស់មូលដ្ឋាន និងម្យ៉ាងវិញទៀត ដើម្បីឆ្លើយតបទៅនឹងការណែនាំ របស់ថ្នាក់ដឹកនាំលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ យ៉ាងយកចិត្តទុកដាក់ លើការងារនេះ។
លោកបញ្ជាក់ថា ជាក់ស្តែងក្នុងឆ្នាំ២០១៧នេះ មានគំរោងអភិវឌ្ឍន៍ចំនួន៧សង្កាត់ គឺសង្កាត់កាកាប សង្កាត់ចោមចៅ សង្កាត់ត្រពាំងក្រសាំង សង្កាត់ភ្លើងឆេះរទេះ សង្កាត់ស្នោរ សង្កាត់បឹងធំ និងសង្កាត់សំរោង ក្រោមក្នុងផែនការអភិវឌ្ឍន៍មូលដ្ឋាន រំកិលបន្តិចម្តងរហូត លេចចេញជារូបរាង៕