(ភ្នំពេញ)៖ លោក ស្រ៊ុន ពៅ ប្រធានស្តីទីសមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា បានផ្ញើលិខិតមួយច្បាប់ ជូនអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីជួបទប់ស្កាត់ការនាំចូលជ្រូក ពីប្រទេសជិតខាង ខណៈដែលសមាគមមួយនេះរកឃើញថា ជ្រូកដែលនាំចូលរាល់ថ្ងៃ លើសពីគោលការកំណត់របស់ក្រសួងកសិកម្ម ដោយកំណត់ត្រឹម១២៥០ក្បាលក្នុង១ថ្ងៃ។
បើតាម លោក ស៊ុន ពៅ ការនាំចូលលើសចំនួនកំណត់ និងមិនមានឯកសារគ្រប់គ្រាន់ នេះធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស និងធ្វើឲ្យតម្លៃជ្រូកសាច់ក្នុងស្រុកធ្លាក់ចុះយ៉ាងគំហុក ដែលបានធ្វើឲ្យខាតបង់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្មខ្នាតធំ មធ្យម និងតូច របស់ប្រជាកសិករដែលអាស្រ័យ ផលលើការចិញ្ចឹមជ្រូក។
ដើម្បីទប់ស្កាត់លំហូរសត្វ និងសាច់សត្វពីក្រៅប្រទេស ដែលក្លាយជាប្រធានបទត្អូញត្អែ យ៉ាងខ្លាំងពីក្រុមអ្នកចិញ្ចឹម សត្វក្នុងស្រុកនោះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ បានដាក់ចេញនូវលក្ខខណ្ឌចំនួន ៦ចំណុច សម្រាប់ឲ្យក្រុមហ៊ុន និងអាជីវករ នាំចូលសត្វរស់ សាច់សត្វ រួមនិងផលិតផលសត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារកម្ពុជា។
លក្ខខណ្ឌទាំង ៦នោះរួមមាន៖ ជាក្រុមហ៊ុនស្របច្បាប់ ដែលបានចុះបញ្ជីពាណិជ្ជកម្ម និងមានប័ណ្ណប៉ាតង់នៅមានសុពលភាព, ត្រូវមានទីតាំងប្រមូលផ្តុំ សត្វនៅចំណុចដើមទី និងចំណុចចុងទី ដែលទទួលស្គាល់ដោយសមត្ថកិច្ចជំនាញ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ត្រូវមាន កិច្ចសន្យាផ្គត់ផ្គង់សត្វរស់ ឬ សាច់សត្វ ឬ ផលិតផលសត្វពីកសិដ្ឋាន ឬ ក្រុមហ៊ុនស្របច្បាប់ នៃប្រទេសនាំចេញ, ត្រូវអនុវត្តតាមប្រកាស លេខ២២៧ ប្រក.កសក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨ ស្តីពីបែបបទ នៃការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើត ពីសត្វក្នុងស្រុក, ត្រូវចុះកិច្ចសន្យាសន្យាបច្ចេកទេសជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងត្រូវធានាអនុវត្ត កិច្ចសន្យានេះ ឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស និង ត្រូវដាក់ពាក្យស្នើសុំត្រួតពិនិត្យប្រភពដើមនៃសត្វរស់ សាច់សត្វ និង ផលិតផលសត្វ។
បើទោះបីជាមានការកំណត់គោលការណ៍យ៉ាងនេះក្តី ក៏ឈ្មួញរកស៊ីនាំចូលជ្រូក នៅតែគឃ្លើន បំពានសេចក្តីសម្រេចនេះ ដោយនាំចូលជ្រូកលើសការកំណត់ មិនគិតពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ហើយត្រូវបានសមាគមជ្រូក រកឃើញថែមទៀតផង៕