(ភ្នំពេញ)៖ នាយឧត្តសេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោះសំអាតមីន និងគ្រាន់មិនទាន់ផ្ទុះ បានថ្លែងឲ្យដឹងថា ក្រុមគ្រួសាររបស់យោធិនកម្ពុជាទាំង៤រូប ដែលបានស្លាប់ដោយការវាយប្រហារពីពួកឧទ្ទាម ​នៅប្រទសអាហ្វ្រិកកណ្តាល នឹងទទួលបានសំណង ប្រមាណ៧ម៉ឺនដុល្លារ សម្រាប់សពម្នាក់ ពីអង្គការសហប្រជាជាតិ។

ការប្រគល់សំណងជូនក្រុមគ្រួសារសព នឹងធ្វើឡើងនៅក្រសួងការបរទេសកម្ពុជា ក្រោមអធិបតីភាពទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស នៅពេលសមស្របណាមួយ។

នាយឧត្តមសេនីយ៍ បានប្រាប់អ្នកកាសែត នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធ ទាហានមួកខៀវកម្ពុចាទាំង៤រូប នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះថា យ៉ាងឆាប់បំផុតពី១ទៅ២សប្តាហ៍ទៀត សពទាហានមួកខៀវរបស់កម្ពុជាទាំង៤រូប នឹងដឹកមកដល់ប្រទេសកម្ពុជា ដោយនៅពេលនេះ សពត្រូវបានតំកល់ទុក នៅរាជធានីបឹងហ្គី ប្រទេសអាហ្រ្វិកកណ្តាល ដើម្បីឲ្យថ្នាក់ដឹកនាំ និងមន្រ្តីបរទេសចូលគោរពវិញ្ញាក្ខន្ធ។

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិរូបនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាល សូមថ្កោលទោសនូវអំពើដ៏យង់ខ្នងជាឧក្រិដ្ឋសង្រ្គាម ដែលបានធ្វើឲ្យវីរៈយុទ្ធជនរបស់កម្ពុជាទាំង៤រូប បាត់បងជីវិត ក្នុងបេសកកម្មមនុស្សធម៌ ក្រោមឆ័ត្រ អង្គការសហប្រជាជាតិ នៅអាហ្រ្វិកកណ្តាល។

បើតាមនាយឧត្តសេនីយ៍ សែម សុវណ្ណនី ក្រុមគ្រួសារសពវីរៈយុទ្ធជនកម្ពុជាទាំង៤រូប ចង់បានដឹកសពមកទាំងមូល ដើម្បីឲ្យពួកគេ រៀបចំធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើតរាជធានីភ្នំពេញ, ខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប។

សូមបញ្ជាក់ថា​ទាហានមួកខៀវកម្ពុជា៤រូប​នោះ បានពលីជីវិតនៅប្រទេសអាហ្រិ្វកកណ្តាល បន្ទាប់ពីមានការវាយប្រហារដោយ ក្រុមឧទ្ទាមទៅលើក្បួនយុទ្ធ ដំណើររបស់កម្លាំង Minusca របស់អង្គការសហប្រជាជាតិ កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧។ ក្នុងនោះរួមមាន៖ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរ ប៊ុលដូស៊ែរ, លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និងលោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យផងដែរ៕