(ភ្នំពេញ)៖ ទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន កំពុងមានសន្ទុះយ៉ាងខ្លាំងក្លា នូវតម្រូវការបចេ្ចកវិទ្យានៃ Telephony Solutions សម្រាប់ផ្គត់ផ្គង់ ដល់ស្ថាប័នទាំង ខ្នាតតូច និងខ្នាតធំដើម្បីឆ្លើយតប តម្រូវការ និងផ្គត់ផ្គង់នូវសេវាកម្មប្រភេទនេះ ក្រុមហ៊ុន NEC Corporation (Thailand) Ltd សហការជាមួយក្រុមហ៊ុន Campura Triangulum Corporation នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ រៀបចំសិក្ខាសិលាមួយ ដោយស្តីអំពី «NEC Telephony Solutions Event»។
លោក ប៊ុន សុខលាភ ប្រធានផ្នែក Pre-Sales របស់ក្រុមហ៊ុន Campura បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ទៅកាន់សំណាក់អតិថិជនទាំងអស់ ដែលបានចំណាយពេលវេលា ចូលរួមសិក្ខាសាលានាពេលព្រឹកនេះ ហើយលោកបាន ថ្លែងអំណរគុណចំពោះក្រុមហ៊ុន NEC Corporation (Thailand) Ltd ដែលបានសហការ បង្កើតកម្មវិធីនេះឡើង ក្នុងគោលបំណង ដើម្បីឲ្យអតិថិជនបានយល់ដឹងអំពីអត្ថប្រយោជន៍ របស់ផលិតផល NEC Telephony Solutions។
លោក Hirose Jun ដែលជា Senior Manager Greater China /APAC (NW), Global Platform Division តំណាងក្រុមហ៊ុន NEC Corporation បានបង្ហាញថា ក្រុមហ៊ុន NEC Corporation បានខិតខំក្នុងការរក្សាស្តង់ដារវិជ្ជាជីវៈខ្ពស់ ចំពោះការបង្កើតផលិតផល សេវាកម្មដែលផ្តល់តម្លៃដល់អតិថិជន និងក្លាយទៅជាក្រុមហ៊ុនដែលបានជ្រើសរើស ដោយការជឿទុកចិត្តពីភាគីពាក់ព័ន្ធទាំងអស់របស់ខ្លួន រួមទាំងអតិថិជន ដោយឈរលើចក្ខុវិស័យ «ផលិតផលល្អ សេវាកាន់តែប្រសើរ»។
ទន្ទឹមនេះ លោកស្រី Lalit Trongprakob ដែលជា Senior Sales Manager តំណាងក្រុមហ៊ុន NEC Corporation ក៏បានបង្ហាញបន្ថែម ក្នុងសិក្ខាសាលានេះថា ក្រុមហ៊ុន NEC Corporation បច្ចុប្បន្នកំពុងផ្តោតលើការបង្កើនភាពខ្លាំងរបស់ខ្លួន នៅក្នុងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ដើម្បីផ្តល់ជូននូវដំណោះស្រាយសម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងសេវាដែលមិនអាចខ្វះបានក្នុងសង្គម។
តាមរយៈសកម្មភាពអាជីវកម្មទាំងនេះ ក្រុមហ៊ុន NEC Corporation នៅតែមានការប្តេជ្ញាចិត្ត ក្នុងការសហការយ៉ាងជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធរបស់ខ្លួនក្នុងការបង្កើត ផលិតផលថ្មីៗ ដោយផ្អែកលើតម្លៃ ដែលអាចជួយធានាបាននូវ សុវត្ថិភាព សន្តិសុខ ប្រសិទ្ធិភាព។
លើសពីនេះទៀត គេក៏ឃើញមានការរៀបចំដាក់បង្ហាញនូវផលិតផល NEC IP Telephone យ៉ាងច្រើនប្រភេទ ជូនដល់អតិថិជនដើម្បីទស្សនា ក៏ដូចជាធ្វើការសាកល្បងប្រើប្រាស់ នៅក្នុងសិក្ខាសាលានេះផងដែរ៕