(ភ្នំពេញ)៖ ក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀន ជាជនជាតិវៀតណាមចំនួន៣នាក់ និងខ្មែរ២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន បន្ទាប់ពីប្រតិបត្តិការស្រាវជ្រាវ រហូតទៅលបឆ្មក់ឡោមព័ទ្ធបង្ក្រាប បានរកឃើញថ្នាំញៀនចំនួន១១កញ្ចប់ មានទាំងថង់សម្រាប់ច្រក និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន រួមជាមួយដាវកែច្នៃ១ដើមផងដែរ កាលពីម៉ោង៦៖១០នាទីល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្នុងផ្សារតាហេងប៉ុន ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនទី១-ឈ្មោះ ង្វៀង វ៉ាងហោ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបែលើទឹក ស្ថិតក្នុងភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាដក «ជាអ្នកជួញដូរ» ទី២-ឈ្មោះ កាន់ ថន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពោធិ៍មង្គ័ល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ «ជាអ្នកប្រើប្រាស់គ្រឿងញៀន» ទី៣-ឈ្មោះ សុខ ដាវី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតមិនប្រាកដ ជាអ្នកប្រើប្រាស់សារធាតុញៀន ទី៤-ឈ្មោះ ផាម យ៉ាវ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ «ជាអ្នកប្រើប្រាស់គ្រឿងញៀន» ទី៥-ឈ្មោះ យឿន សុភា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ «ប្រើប្រាស់សារធាតុញៀន»។
នគរបាលបានឲ្យដឹងទៀតថា ក្រោយបង្ក្រាបជនសង្ស័យពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ជាជនជាតិវៀតណាម៣នាក់ និងខ្មែរ២នាក់ រួមជាមួយវត្ថុតាងដែលដកហូតបាន ត្រូវបន្តនាំមកយកចម្លើយនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕