(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំពិភ្សាជាមួយ ប្រជាពលរដ្ឋរស់នៅក្នុងអគារប៊ូឌិញ «ស» និងក្រុមហ៊ុនអភិវឌ្ឍន៍ ដើម្បីស្វែងរកតម្លៃស្រុះស្រួលគ្នាមួយ ឈានដល់ការអភិវឌ្ឍន៍ ដោយស្ម័គ្រចិត្តទាំងអស់គ្នា។
កិច្ចប្រជុំពិភាក្សានេះ ត្រូវបានរៀបចំឡើងនៅ ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ដែលកំពុងយកព័ត៌មាន នៅក្នុងកិច្ចពិភាក្សានោះ បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះ លោក ជា សុផារ៉ា បានប្រាប់ទៅដល់ប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលបានយកចិត្តទុក្ខដាក់យ៉ាងខ្លាំង ចំពោះការរស់នៅរបស់បងប្អូន ដោយមិនចង់ឃើញការរស់នៅ ក្នុងអគារដែលគ្មានសុវត្ថិភាព ដូចសព្វថ្ងៃនេះទេ និងថែមទាំងគិតគូរដល់ជីវភាព រស់នៅរបស់ពួកគាត់ផងដែរ។
សេចក្តីរាយការណ៍បានបន្តថា ក្នុងកិច្ចប្រជុំចរចាតម្លៃនោះ លោក ជា សុផារ៉ា បានលើកឡើងថា បន្ទាប់ធ្វើការទូទាត់រួចមក ក្រុមហ៊ុនវិនិយោគ ផ្តល់តម្លៃឲ្យចំនួន១៣៦៣ដុល្លារក្នុង១ម៉ែត្រ ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋព្រមព្រៀងទាំងអស់គ្នា លោកហ៊ានឲ្យផ្តល់តម្លៃដល់១៤០០ដុល្លារក្នុង១ម៉ែត្រ ខណៈដែលប្រជាពលរដ្ឋចង់បានក្នុងតម្លៃ ១៨០០ដុល្លារក្នុង១ម៉ែត្រការ៉េ។
យ៉ាងណាកិច្ចប្រជុំចរចាតម្លៃនោះ មិនទាន់បញ្ចប់នៅឡើយទេ ដោយលោករដ្ឋមន្ត្រី អះអាងនឹងធ្វើការពិភាក្សាគ្នាឲ្យចប់សព្វគ្រប់នៅថ្ងៃនេះ ដើម្បីកំណត់តម្លៃមួយសមស្រប ដែលទាំងក្រុមហ៊ុន និងប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ទាំងអស់គ្នា។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អគារប៊ូឌីញ «ស»នេះ គឺស្ថិតនៅក្នុងការសិក្សារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុនជប៉ុន Arakawa ដែលគ្រោងចំណាយថវិកាប្រមាណ៧០-៨០លានដុល្លារ រួមមានការសាងសង់ទីតាំងស្នាក់ នៅបណ្តោះអាសន្ន និងអគារថ្មីមានកម្ពស់២១ជាន់ ដែលក្នុងនោះត្រៀមធ្វើទីតាំងចំណត ៣ជាន់កន្លែងលក់ដូរ១ជាន់ និងកន្លែងស្នាក់នៅ៥ជាន់ ដែលបន្ទប់ស្នាក់នៅនីមួយៗ មានទំហំធំជាងមុន១០% ហើយចាប់ពីជាន់ទី៩ឡើងទៅ នឹងផ្តល់ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនជប៉ុន Arakawa៕