(កណ្ដាល)៖ អ្នកវិនិយោគទុនកម្ពុជា បានបោះទុនជាង២លានដុល្លារ បង្កើតសណ្ឋាគារលំដាប់ផ្កាយ៤ ដែលមានឈ្មោះថា Good Health ដែលជាសណ្ឋាគារ បូករួមជាមួយនឹងភោគជនីយដ្ឋានដ៏ប្រណីតមួយ នាកណ្ដាលទីក្រុងតាខ្មៅ និងបានកំពុងបើកសម្ភោធជាផ្លូវការហើយ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ។
ការបើកសម្ភោធសណ្ឋាគារថ្មីនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ណេប សាមុត អគ្គនាយកគ្រប់គ្រង ឧស្សាហកម្មទេសចរណ៍ តំណាងលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តតំណាង លោក ម៉ៅ ភារុណ អភិបាលនៃគណៈអភិបាលខេត្ត រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
លោក លី ផេងសាន អគ្គនាយកសណ្ឋាគារ និងភោគជនីយដ្ឋាន Good Health បានថ្លែងឲ្យដឹងថា ដើម្បីសម្រេចបាននូវគម្រោងសណ្ឋាគារថ្នាក់ប្រណិតនេះ គឺបានចំណាយពេលវេលា និងទុនវិនិយោគផ្ទាល់ខ្លួន ព្រមទាំងបានប្រើពេលវេលាសាងសង់អស់រយៈពេល២ឆ្នាំ និងប្រាំមួយខែ។លោកថា «សណ្ឋាគារនេះបានសាងសង់ឡើង តាមលក្ខណៈរចនាបទខ្មែរ អាស៊ី និងបច្ចឹមប្រទេសសាងសង់នៅលើផ្ទៃដីចំនួន៣,៩៨៨ម៉ែត្រការរ៉េ ដោយមានកម្ពស់៥ជាន់ និងហ៊ុព័ទ្ធទៅដោយទេសភាព បៃតងក្នុងភូមិស្រុកនិងលំនៅដ្ឋានគួរជាទីមនោរម្យ»។
លោកបន្ដទៀតថា សណ្ឋាគារនេះមានសេវាកម្មពិសេសៗ ជាច្រើនរួមមាន បន្ទប់ស្នាកនៅរបស់ភ្ញៀវចំនួន៣៦បន្ទប់ មានភោគជនីយដ្ឋានធំ១ មានបានីយដ្ឋានចំនួន១ មានរានហាលបែបលំហរ១ មានកន្លែងហាត់ប្រាណធំ១ មានលក់សម្ភារកីឡា និងវត្ថុអនុស្សាវរីយ៍១ មានបន្ទប់ម៉ាស្សាចំនួន៦បន្ទប់ និងមានអាងហែលទឹកធំ១ទៀតផង។
លោក ណេប សាមុត បានសម្ដែងនៅជំនឿយ៉ាងមុតមាំថា «សណ្ឋាគារ និងភោគជនីយដ្ឋាន Good Health នេះនឹងផ្ដល់ជូននូវកិច្ចដំណើរការអាជីវកម្មយ៉ាងពេញលេញ និងមមាញឹកប្រកបដោយគុណភាព ប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការផ្ដល់ជូន នូវប្រភេទសេវាកម្មស្នាក់នៅ ភេសជ្ជៈ និងម្ហូបអាហារ រួមចំណែកដល់ការគិតគូរអំពីគុណភាព និងសុវត្ថិភាពចំណីអាហារ ដែលជាបញ្ហាសំខាន់ និងត្រូវបានកំណត់ថាជាកត្តាចាំបាច់មួយក្នុងការទាកទាញអតិថិជន និងភ្ញៀវទេសចរណ៍»។
លោកបន្ដទៀតថា ការបង្កើតឲ្យមានសណ្ឋាគារ និងភោគជនីយដ្ឋាន Good Health គឺជាផលិតផលទេសចរណ៍ថ្មីមួយ ចូលរួមពង្រឹង វិស័យឧស្សាហកម្មទេសចរណ៍ ក្នុងក្រុងតាខ្មៅ ក្នុងខេត្តកណ្ដាលឲ្យមានសន្ទុះកើនឡើងបន្ថែមទៀត ហើយសង្ឃឹមថា ក្រុងតាខ្មៅនឹងក្លាយជាគោលដៅទេសចរណ៍ដែលផ្ដល់ភាពកក់ក្ដៅ និងសុខមាលភាពជូនដល់ភ្ញៀវទេសចរណ៍ រួមចំណែកឲ្យក្រុងតាខ្មៅ នាពេលបច្ចុប្បន្ន និងពេលអនាគត។
ជាមួយគ្នានេះដែលកញ្ញា គុយ លានី លេខារបស់អគ្គនាយិការ បានថ្លែងឲ្យដឹងដែរ មូលហេតុដែលបណ្ដាល ឲ្យមកវិនិយោគនៅទីក្រុងតាខ្មៅនេះ គឺបណ្ដាលមកពីទីក្រុងតាខ្មៅនេះ គឺជាទីក្រុងដែលមានសក្ដានុពលខ្លាំងហើយ ក៏សង្ឃឹមផងដែរថាការមកបណ្ដាក់ទុន នៅទីនេះគឺអាចទទួលបានភ្ញៀវជាតិ និងអន្ដរជាតិ មកស្នាក់នៅសណ្ឋាគារ Good Health។
កញ្ញាបញ្ជាក់ទៀតថា ដោយសារតែសណ្ឋាគារនេះគឺជាសណ្ឋាគារលំដាប់ផ្កាយ៤ ដូច្នេះ និងជាសណ្ឋាគារដែលប្រណិត និងមាន
ដំបូង គេនៅទីក្រុងតាខ្មៅនេះ ហើយប្រសិនបើការវិនិយោគនៅក្រុងតាខ្មៅនេះ ប្រកបដោយភាពជោគជ័យនោះ យើងនឹងបន្ដ
ស្វែងរកតំបន់នៅជិតៗនេះ ដើម្បីសាងសង់ឡើងមួយទៀតបន្ថែមផងដែរ៕