(ភ្នំពេញ)៖ លោកអាជ្ញាកណ្ដាលប្រដាល់ដ៏ល្បីរបស់កម្ពុជា ជ័យ ប៊ុនឈឿ បានទទួលមរណភាពទៅហើយ នៅវេលាម៉ោង ៣៖១៥នាទីទៀបភ្លឺថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ នៅស្រុកកំណើតក្នុងក្រុងបាត់ដំបង ខេត្តកំបាត់ដំបង ក្នុងជន្មាយុ ៧៩ឆ្នាំ បន្ទាប់ពីលោកមានជំងឺធ្ងន់ធ្ងរ(មហារីកសាច់ដុំ)អស់រយៈពេលជិត ២ឆ្នាំកន្លងទៅ ។ នេះបើយោងតាមហ្វេកប៊ុកឈ្មោះ Rithy Angkor ។
គួរបញ្ជាក់ថា លោក ជ័យ ប៊ុនឈឿ គឺជាព្រឹទ្ធាចារ្យកីឡាប្រដាល់ខ្មែរដ៏ឆ្នើម និងធ្លាប់លះបង់ជាច្រើន ដើម្បីជំរុញកីឡាបន្សល់ទុកពីបុព្វបុរសខ្មែរមួយនេះឲ្យមានការរីកចម្រើន ជាមួយនឹងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។
ប៉ុន្ដែកាលពីឆ្នាំ២០១៥ លោកបានធ្លាក់ខ្លួនឈឺជាទម្ងន់ ដោយមានជំងឺមហារីកសាច់ដុំ ហើយស្របពេលគ្រួសារលោកមានជីវភាពខ្វះខាត ក៏មានការចូលរួមពីសប្បុរសជននានា ពិសេសការឧបត្ថម្ភចំនួន ២លើកពីកាកបាទក្រហមកម្ពុជា និងការជួយសង់ផ្ទះទេវតា ១ខ្នងពីលោកជំទាវ ហ៊ុន ម៉ាណា ផងដែរ ៕