(ព្រៃវែង)៖ តាមការផ្សងរបស់គោឧសភរាជ បានបង្ហាញឲ្យដឹងថា ការបង្កើនផលនៅឆ្នាំ២០១៧នេះ ស្រូវ ពោត សណ្តែក ទទួលបានផលល្អប្រសើរ ពោលបានភោគផលបានរហូតដល់៩០ភាគរយ ដោយឡែកល្ង ស្មៅ ស្រា និងទឹក គោឧសភរាជមិនបរិភោគនោះឡើយ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លក្រោមព្រះរាជាធិបតីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នាព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងតាមលំអានព្រះរាជបវេណីតាមបែបព្រហ្មញ្ញសាសនាជាបន្តបន្ទាប់ ដោយមានការបួងសួងដល់វត្ថុសក្ដិសិទ្ធ និងទេវតាថែរក្សាចក្រវាឡពីព្រាហ្មណ៍ព្រះរាជគ្រូ សូមឲ្យការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋទទួលបានភោគផលល្អ និងសូមឲ្យប្រទេសកម្ពុជា បានជួបតែសុខសន្តិភាព និងរីកចម្រើន។
បន្ទាប់មកអភិបាលខេត្តព្រៃវែង លោក ជា សុមេធី ដែលត្រូវចាត់តាំងធ្វើស្តេចមាឃ តំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ ភ្ជួរលើវាលព្រះស្រែ និងព្រោះគ្រាប់ស្រូវដោយលោកស្រី ជា ផល្គុន ភរិយាលោក ជា សុមេធី ដែលជ្រើសតាំងជាមេហួ ចំនួន៣ជុំរួចមក ទើបព្រាហ្មណ៍ព្រះរាជគ្រូ ដោះយកគោឧសភរាជទៅបរិភោគគ្រាប់ធុញ្ញជាតិចំនួន ៧មុខ (ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និងទឹក) ដែលបានរៀបចំទុករួចជាស្រេចនោះ។
ក្នុងចំណោមធុញ្ញជាតិទាំង ៧មុខនេះ គោឧសភរាជបរិភោគស្រូវ ៩០ភាគរយ ពោត ៩៥ភាគរយ និងសណ្តែក ៩០ភាគរយ ដោយឡែកល្ង ស្មៅ ស្រា និងទឹក គោមិនបរិភោគនោះទេ៕