(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញលិខិតរបស់លោក សាំង សុឥន្ទរិទ្ធ ដែលស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយសង្រ្គោះជីវិតរបស់លោក (សាំង សុឥន្ទរិទ្ធ) ខណៈធ្លាក់ខ្លួនឈឺជាទម្ងន់ហើយ ក៏ត្រូវបានស្ថាប័នកាសែតបរទេស The Cambodia Daily បោះបង់ចោលទៀត។
ការបង្ហាញលិខិតសុំការជួយសង្រ្គោះជីវិតពីប្រមុខរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ ធ្វើឡើងបន្ទាប់ពីកាសែត The Cambodia Daily ចេញផ្សាយនៅព្រឹកថ្ងៃនេះដោយស្រង់សំដីរបស់លោក សាំង សុឥន្ទរិទ្ធ ថា «ខ្ញុំមិនដឹងពីគំនិតរបស់គាត់(សម្តេចតេជោ)ទេ ប៉ុន្តែនៅពេលគាត់បានដឹង ពីប្រវត្តិរបស់ខ្ញុំ គាត់អាណិតអាសូរខ្ញុំ ហើយគាត់ក៏ជួយឧបត្ថម្ភខ្ញុំ»។
មន្រ្តីជាន់ខ្ពស់ខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តី បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា «ការជួយឧបត្ថម្ភទឹកប្រាក់ចំនួន២ម៉ឺនដុល្លារ ដល់លោក សាំង សុឥន្ទរិទ្ធ អ្នកកាសែត The Cambodia Daily មិនមែនចេះតែជួយៗនោះទេ គឺមានលិខិតគោរពជូនសម្តេចពីលោក សាំង សុឥន្ទរិទ្ធ សុំការជួយសណ្តោសប្រណី និងសង្រ្គោះជីវិត។ សម្តេចជាមេដឹកនាំមានព្រហ្មវិហារធម៌ និងក្នុងនាមកូនខ្មែរទើបសម្តេចយល់ព្រមជួយលោក សាំង សុឥន្ទរិទ្ធ ចំនួន២ម៉ឺនដុល្លារ ដើម្បីព្យាបាលជំងឺសង្រ្គោះជីវិត»។
នៅក្នុងលិខិតរបស់លោក សាំង សុឥន្ទរិទ្ធ ចំនួន២សន្លឹកដែលគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ បានសរសេររៀបរាប់ថា «សំណើសុំសម្តេចដ៏មានព្រហ្មវិហារធម៌ទាំងទ្វេមេត្តាជួយប្រោសជីវិតខ្ញុំបាទ ឲ្យបានរួចចាក ផុតពីជំងឺព្យាធិ ដើម្បីបានបន្តរស់ មើលថែកូន តូច៣នាក់ ដោយក្តីអាណិតអាសូរបំផុត ! ខ្ញុំបាទឈ្មោះ សាំង សុឥន្ទរិទ្ធ អាយុ៥៣ឆ្នាំ មានកូនតូច៣នាក់ ប្រុស២នាក់ កូនស្រីម្នាក់។ ខ្ញុំបាទជាអ្នកកាសែត ធ្វើការឲ្យកាសែត The Cambodia Daily អស់រយៈពេលជាង២០ឆ្នាំហើយ។ ប៉ុន្តែខ្ញុំបាទធ្លាក់ខ្លួនមានជំងឺតាំងពីឆ្នាំ ២០១៦មក ហើយត្រូវស្ថាប័នមួយនេះបោះបង់ចោលយ៉ាងឈឺចាប់រកទីបំផុតគ្មាន។ ខ្ញុំបាទក្នុងខ្លួនមានជំងឺហើយថែមទាំងមានការខកចិត្តចំពោះ ស្ថាប័នបរទេសមួយនេះ ដែលគេមិនត្រឹមតែមិនគោរពតាមច្បាប់ការងារ និងច្បាប់អន្តរជាតិដែលបានចែង សូម្បីតែសមាណចិត្តមនុស្សធម៌ ចំពោះមនុស្សជាតិក៏គេគ្មាន ក្តីមេត្តាបន្តិចសោះ»។
សូមអានលិខិតទាំងស្រុងរបស់លោក សាំង សុឥន្ទរិទ្ធ គោរពជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖