(ព្រៃវែង)៖ មិនខុសពីបណ្តាឆ្នាំនោះនៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧ ព្រះរាជពិធីច្រត់ព្រះនង្គ័លត្រូវបានធ្វើឡើងនៅឯស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
ព្រះរាជពិធីដែលធ្វើឡើងលើវាលព្រះស្រែក្នុងបរិវេណសកលវិទ្យាល័យ ជា ស៊ីម កំចាយមារនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបជាង ១ម៉ឺននាក់។
សូមបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជបវេណីដ៏យូរលង់របស់ខ្មែរ ដែលតែងតែធ្វើជារៀងរាល់ឆ្នាំនៅដើមរដូវវស្សា ដើម្បីផ្សងមើលប្រថ្នូលរបស់ស្រុកទេសផង និងដើម្បីផ្សងមើលពីការដាំដុះ និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ។
ព្រះរាជពិធីនេះ ត្រូវបានអាកខាននៅក្នុងរបបសាធារណរដ្ឋរបស់លោក លន់ នល់ និងរបបខ្មែរក្រហម ហើយត្រូវបានប្រារព្ធធ្វើជាថ្មីនៅក្នុងរបបរាជាណាចក្រទី២ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ក្រោយពេលរបបខ្មែរក្រហមត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩៕