(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត អគ្គលេខាធិការរងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ បានប្រគល់ផ្ទះ២ខ្នងបន្ថែមទៀត ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជននៅក្រុងបាត់ដំបង ដោយមានការចូលរួមពីសំណាក់ ក្រុមការងារសមាគមអតីតយុទ្ធជន ខេត្តបាត់ដំបង អាជ្ញាធរ អតីតយុទ្ធជន និវត្តជន និងប្រជាពលរដ្ឋជាច្រើន។
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ចំពោះជីវភាពនិងកិត្តិយស អតីតយុទ្ធជន និងយោធិនចូលនិវត្តន៍ តាមរយៈការគិតគូរពីសុខទុក្ខ ការលើកទឹកចិត្តនិងការឧបត្ថម្ភផ្សេងៗជាច្រើនទៀត។ ជាក់ស្តែងនៅថ្ងៃនេះ សមាគមបានប្រគល់ផ្ទះ២ខ្នង ទំហំ៤ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី រៀបការ៉ូបាត និងរៀបជញ្ជាំងឥដ្ឋកម្ពស់១ម៉ែត្រ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ដែលទីទាល់ក្រ គ្មានទីជម្រកសមរម្យចំនួន២នាក់៖ ១.ឈ្មោះ ព្រហ្ម សារិន ជាជនពិការ អាយុ៥៦ឆ្នាំ រស់នៅក្នុងភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង, ២.ឈ្មោះ យ៉ាន យ៉ុន ជានិវត្តជន អាយុ៦៩ឆ្នាំ រស់នៅក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ម្ចាស់ផ្ទះព្រមទាំងទទួលថវិកា និងគ្រឿងឧបភោគ-បរិភោគ។
លោក ហ៊ុន ម៉ាណែត ធ្លាប់បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនបោះបង់អតីតយុទ្ធជនចោល ដូចមតិខ្លះបានលើកឡើងនោះទេ ដែលថារដ្ឋាភិបាលមិនបានគិតគូរយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន។ តាមការពិត ប្រមុខខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកម្ពស់កម្រិតជីវភាពមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជនដែលបញ្ចប់ភារកិច្ច ជាកងទ័ពក៏ដោយ តាមរយៈការឧបត្ថម្ភនូវគោលរបប ការដំឡើងប្រាក់បៀវត្សន៍ ការផ្តល់ដីសម្បទានសង្គមកិច្ច ការកសាងផ្ទះដល់អតីតយុទ្ធជនដែលមានជីវភាពលំបាក និងអត្ថប្រយោជន៍ផ្សេងៗទៀត។
សូមបញ្ជាក់ ថាគិតដល់ពេលនេះ សមាគមអតីតយុទ្ធជនខេត្តបាត់ដំបងបានប្រគល់ផ្ទះ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជននៅក្នុងខេត្តបាត់ដំបង បានចំនួនសរុប២៣ខ្នង រួចមកហើយ៕