(ពោធិ៍សាត់)៖ អគារមន្ទីរពេទ្យបង្អែកមួយខ្នងមានទំហំ ៧x២៥ម៉ែត្រ រួមមាន បន្ទប់សម្រាកព្យាបាល៥បន្ទប់ និងបន្ទប់ទឹក៣បន្ទប់ ដែលចំណាយថវិកាជាង៥ម៉ឺនដុល្លារ ប្រើប្រាស់រយៈពេល៤ខែ ជាអំណោយរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីធីត ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ ក្រោមអធិបតីភាពលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកឧកញ៉ា ហួត អៀងតុង អគ្គនាយកហត្ថាកសិករ។
ពិធីបញ្ចុះបឋមសិលាខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកភ្នំក្រវាញ ស្ថិតក្នុងភូមិក្រូចឆ្មា ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុក ឃុំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
បន្ទាប់ពីលោក ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្ត មានមតិស្វាគមន៍រួចមក លោកឧកញ៉ា ហួត អៀងតុង បានបង្ហាញទឹកចិត្តសប្បាយរីករាយ ក៏ដូចជាបង្ហាញពីចក្ខុវិស័យរបស់ហត្ថាកសិករ ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ដោយបានបញ្ជាក់ថាក្នុងពេលថ្មីនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ បានប្រកាសបន្ថែមដើមទុនថ្មីចំនួន ១៥លានដុល្លារទៀត។
លោកឧកញ៉ាបន្តថា ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងមានភាពចាស់ទុំជាងគេ ក្នុងដំណើរការអាជីវកម្មតាំងពីដើមទស្សវត្សទី៩០ ជាងនេះទៅទៀត ហត្ថាកសិករតែងតែបង្ហាញខ្លួនយ៉ាងសកម្ម ក្នុងតួនាទីជាគ្រឹះស្ថានឯកជន ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីអភិវឌ្ឍសហគមន៍ ជាក់ស្តែងដូចជាអគារមន្ទីរពេទ្យនេះផ្ទាល់។
លោកឧកញ៉ា បានលើកឡើងថា គណៈគ្រប់គ្រង និងបុគ្គលិកហត្ថាកសិករទាំងអស់ មានមោទនភាព និងកិត្តិយស ដែលរាជរដ្ឋាភិបាល អនុញ្ញាតឲ្យចូលរួមឧបត្ថម្ភ ជាសមិទ្ធផលនានា ក្នុងន័យរួមចំណែកអភិវឌ្ឍសង្គម។ លោកនឹងប្តេជ្ញាបន្តសកម្មភាពនេះតទៅមុខទៀត ក្នុងការជួយជុំរុញប្រជាជនកម្ពុជា ឲ្យទទួលបាននូវជីវភាពកាន់តែប្រសើរឡើង ជាពិសេសជំរុញខឿនសេដ្ឋកិច្ចជាតិផងដែរ។
លោក ម៉ៅ ធនិន បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ដែលបានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ផ្តល់ជាអគារសម្រាកព្យាបាល ដល់មន្ទីរពេទ្យបង្អែកភ្នំក្រវាញ ដែលកំពុងត្រូវការជាចាំបាច់ ដើម្បីបម្រើលើវិស័យសុខុមាលភាពប្រជាជន។ សកម្មភាពដ៏ប្រពៃនេះ បានបង្ហាញពីស្មារតីចូលរួមចំណែករបស់វិស័យឯកជន តាមគោលការណ៍របស់រាជរដ្ឋាភិបាល។
លោកបានលើកឡើងថា នេះមិនមែនជាលើកទីមួយទេ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ បានប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ដើម្បីអភិវឌ្ឍសហគមន៍ មានដូចជា ការសាងសង់សាលារៀន ការផ្តល់ជាសម្ភារសិក្សា ជូនសិស្សានុសិស្ស ការផ្តល់បរិក្ខាសម្រាប់សួនច្បារសាធារណៈ និងការចូលរួមថែរក្សាបរិស្ថានជាដើម។
លោកក៏បានរំឭកឡើងថា ប្រជាពលរដ្ឋទាំងអស់គ្នា មិនត្រូវបំភ្លេចបានទេនូវការកសាងសមិទ្ធផលទាំងអស់នេះឡើង ក៏ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូរណ៍ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។ ដូច្នេះត្រូវរួបរួមសាមគ្គីគ្នា ថែរក្សានូវសុខសន្តិភាពនេះឱ្យគង់វង់ ស្ថិតស្ថិរជារៀងរហូតទៅថ្ងៃអនាគត។
លោកអភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឲ្យបានគ្រប់ៗគ្នា ដោយបញ្ជាក់ថា នៅសល់២៤ថ្ងៃទៀតទេ។
លោក ម៉ៅ ធនិន និងលោកឧកញ៉ា ហួត អៀងតុង បានចែកសៀវភៅសិក្សាដល់ក្មួយៗសិស្សានុសិស្ស ព្រមទាំងជូនវត្ថុកំដរដៃដល់អ្នកចូលរួម ក្នុងម្នាក់ទទួលបានឃីត១កញ្ចប់ ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកភ្នំក្រវាញ ម្នាក់ៗសារុង១ និងបន្តបញ្ចុះបឋមសិលាទៅតាមទំនៀមទំលាប់សាសនាផងដែរ៕