(ព្រៃវែង)៖ ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័លឆ្នាំនេះ ត្រូវចាប់ផ្តើម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះ នៅបរិវេណសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោមព្រះរាជអធិបតី ដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
ពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានគេប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ ឯវាលព្រះមេរុ ស្ថិតនៅពីខាងជើង នៃព្រះបរមរាជវាំងសព្វថ្ងៃ នៅរាជធានីភ្នំពេញ និងឆ្នាំខ្លះធ្វើនៅតាមខេត្តនោះ គឺមានប្រវត្តិដ៏យូរលង់ណាស់មកហើយ។
ពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយ សំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេកជាពិធីមួយ ស្ថិតក្នុងចំណោមពិធីផ្សេងៗឯទៀតប្រចាំឆ្នាំ។ នៅប្រទេសឥណ្ឌាបុរាណ និងនៅព្រះរាជាណាចក្រកម្ពុជា ការប្រកបរបរកសិកម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគផល ដំណាំដទៃៗទៀត (បច្ចុប្បន្ន ប្រជានុរាស្ត្រខ្មែរ ប្រកបមុខរបរធ្វើស្រែ ប្រមាណជា៨០%)។
តាមពិតទៅ ការបង្កើតផលិតផលស្រូវអង្ករ ឬក៏ផលដំណាំផ្សេងៗ ដូចជាពោត សណ្តែក ល្ង ដោយព្រះរាជាតាមរយៈព្រះរាជពិធីខាងលើនេះ បណ្តាលមកពីកត្តាចម្បងមួយ គឺលក្ខណៈស័ក្តិសិទ្ធិរបស់តួអង្គ «ស្តេច» ក្នុងក្រសែភ្នែករបស់ប្រជានុរាស្ត្រ។ មានន័យថា ផលដំណាំពុំមែន ស្ថិតនៅត្រឹមតែការដាំដុះ បច្ចេកទេស ឬសេដ្ឋកិច្ចនោះទេ ពោលគឺប្រាកដជាបណ្តាលមកពីពិធីកម្មនេះឯង។
តាមទម្លាប់ពិធីនេះ ធ្វើឡើងក្នុងការផ្សង មើលប្រថ្នូលរបស់ស្រុកទេស ទៅតាមការ ស៊ីផឹក របស់ «គោឧសភរាជ» ។ គោ១នឹម ដែលទឹមច្រត់ព្រះនង្គ័លនោះ គេហៅថា «គោឧសភរាជ» ក៏មានកំណត់ក្នុងលក្ខណៈតាមបែបនិយមបច្ចុប្បន្ន គឺសម្បុរខ្មៅ ស្នែងរាងជ្រពាស់ ឈ្នក់ ឬប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ចុងទៅលើបន្ដិច ។ គោ២ នឹមទៀត ដែលសម្រាប់ ហែមុខហែរក្រោយឃើញថា មិនទាន់កំណត់លក្ខណៈ តែតាមដែលធ្លាប់ប្រើមក ហើយឃើញច្រើនតែសម្បុរក្រហម ។
ឯ «គោឧសភរាជ» នោះវេលាទឹមច្រត់ព្រះនង្គ័ល គេប្រដាប់ដោយគ្រឿង គឺពាក់ស្រោមមុខស្រោមស្នែង និងពាក់សំពត់កម្រាល សម្បុរក្រហមលើខ្នងផង។ ឯព្រះនង្គ័លទាំង៣នោះ គេលាបថ្នាំពណ៌ខ្មៅកាត់ខ្សែក្រហមដោយអន្លើៗឯចន្ទោលព្រះនង្គ័ល សំរាប់អ្នកតំណាងព្រះអង្គនោះ មានលក្ខណៈពិសេស គឺធ្វើជារូបនាគ លាបថ្នាំពណ៌លឿងបែប យ៉ាងពណ៌មាស។ នៅត្រង់កនាគមានភូធ្វើពី រោមសត្វសម្បុរ បែបភូទួន។
ទាក់ទិននឹងការផ្សងគោឧសភរាជ គឺព្រាហ្មណ៍ព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យស៊ីផឹកអាហារ៧យ៉ាង ដែលភ្នាក់ងាររៀបដាក់តុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុ។
សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូ យកទឹក មន្ដប្រោះក្បាលព្រះគោទាំងពីរ ហើយមន្ដ្រីម្នាក់ដែលកាន់នង្គ័លស្ដេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យស៊ីផឹក របស់ទាំង៧យ៉ាង គឺដឹកទៅជិតរបស់៧យ៉ាងស្រេចហើយ តែគោឧសភរាជចូលចិត្ដស៊ីផឹកអ្វី ក៏ស៊ីផឹកទៅគេមិនបង្ខំឱ្យស៊ីផឹក ចំពោះអាហារណានីមួយៗទេ កាលព្រះគោស៊ីផឹកអ្វីមួយយ៉ាង ឬពីរយ៉ាងព្រាហ្មណ៍ក៏ទាយផលប្រផ្នូល ទៅខាងមុខតាមនោះ។
សរុបសេចក្តីមក ខ្មែរយើងប្រារព្ធពិធីច្រត់ព្រះនង្គ័លនេះឡើង តាមប្រពៃណីព្រាហ្មណ៍ បែបជំនឿលើលក្ខណៈពិសិដ្ឋរបស់អំណាច «ស្តេច» ហាក់ដូចជាមានលក្ខណៈចាស់ជាង ជំនឿបែបឥណ្ឌានិយម។ ត្រង់នេះយើងឃើញយ៉ាងច្បាស់លាស់ នូវលក្ខណៈសំយោគនៃប្រព័ន្ធគំនិតខ្មែរ។
តាមពិតទៅបុណ្យច្រត់ព្រះនង្គ័ល និងប្រពៃណីខ្មែរសុទ្ធសាធមួយចំនួនទៀត ពាក់ព័ន្ធនឹងការដាំដុះមានលក្ខណៈ និងអត្ថន័យស្រដៀងគ្នា ព្រោះថា ទោះការអនុវត្តពិធីនោះប្រកបដោយ លក្ខណៈព្រាហ្មណ៍ក្តី ឬជីវចលនិយមក្ដី វារមែងតែងតែនាំមកនូវភោគផល យ៉ាងច្រើនជាអតិបរមា។ ដូច្នេះពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធតាមឆន្ទៈ របស់ប្រជានុរាស្ត្រមានឧត្តមគតិដ៏ខ្ពង់ខ្ពស់គឺ ផ្តល់នូវការលូតលាស់លើវិស័យកសិកម្ម។ អ្វីមួយដែលនាំសង្គមខ្មែរឈានទៅរក វឌ្ឍនភាពកំពូលនាសម័យមហានគរ គឺការគ្រប់គ្រងទឹក៕
ខាងក្រោមនេះ ជារូបភាពហាត់សមរបស់លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងភរិយា ត្រៀមក្នុងពិធីច្រត់ព្រះនង្គ័លនៅថ្ងៃស្អែក៖