(កំពង់ធំ)៖ រថយន្តទេសចរណ៍ដឹកឈើធ្នង់ ៣៦ដុំ របស់ក្រុមហ៊ុន ថោង ស៊ីង ត្រូវបានកម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើកំពង់ថ្ម សហការជាមួយកម្លាំងអាវុធហត្ថស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមការបញ្ជាររបស់លោក អ៉ិត សុធា ព្រះរាជអាជ្ញាសាលាខេត្តកំពង់ធំ ស្ថិតនៅភូមិជ្រាប់ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ខណៈដែលរថយន្តកំពុងធ្វើដំណើរដឹកឈើ នៅវេលាម៉ោង១២ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ។
មន្រ្តីអាវុធហត្ថបានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានពីបណ្ដាញលោកព្រះរាជអាជ្ញា បានបញ្ជាឲ្យកម្លាំងអាវុធហត្ថ និងរដ្ឋបាលព្រៃឈើបានត្រៀមកម្លាំងចាំស្ទាក់ចាប់ លុះមួយម៉ោងក្រោយ ក៏បានឃើញរថយន្តនោះដឹកឈើចេញពីខេត្តព្រះវិហារ ខណៈនោះកម្លាំងសមត្ថកិច្ចបានដេញតាមប្រគៀកប្រកិតគ្នា រហូតដល់ចំណុចភូមិឃុំខាងលើទើបចាប់បាន ព្រមទាំងឃាត់ខ្លួនអ្នកបើកបរ និងព្រូរថយន្តចំនួន ២នាក់ យកទៅសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុក និងធ្វើកំណត់ហេតុបញ្ជូនទៅរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្ត។
លោក សូ រ៉ាត់ នាយសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង បានឲ្យដឹងថា ឈើធ្នង់ដែលផ្ទុកលើរថយន្តក្រុងមានចំនួន ៣៦ដុំ ស្មើនឹង១,១២០គូប និងរថយន្តត្រូវបានរក្សារទុកនៅសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ចំណែកអ្នកបើកបរ និងព្រូឡានត្រូវបានបញ្ជូនបន្តទៅតុលាការ ចាត់ការបន្តទៅតាមផ្លូវច្បាប់៕