(ភ្នំពេញ)៖ យុវជនត្រូវសិក្សាពីប្រវត្តិសាស្ត្ររបស់ខ្លួនឱ្យបានច្បាស់លាស់ ជាពិសេសរឿងរ៉ាវដែលកើតឡើង នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីចៀសវាងការប្រព្រឹត្តកំហុសច្រំដែល ជាន់ដានប្រវត្តិសាស្ត្រ នាំឱ្យមានការស្លាប់បាត់បងជីវិតប្រជាជន ហើយខឿនសេដ្ឋកិច្ចជាតិ ត្រូវបានបំផ្លិចបំផ្លាញដូចពីអតីតកាល។ នេះគឺជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា នាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅចំពោះមុខយុវជន-យុវនារីមកស្រុកកញ្ជៀច និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាង៣០០នាក់ ដែលមកទស្សនកិច្ចសិក្សាស្វែងយល់ពីការជំនុំជម្រះក្តី លើអតីតមេដឹកនាំខ្មែរក្រហម។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម ដើម្បីរកអ្នកទទូលខុសត្រូវលើឧក្រិដ្ឋកម្ម ផ្តល់យុត្តិធម៌ជូនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត និងអ្នកដែលកំពុងរស់រានមានជីវិតពីរបបខ្មែរក្រហម ព្រមទាំងចូលរួមស្វែងរកការពិតជូនមនុស្សជាតិទាំងមូលថា តើមានអ្វីកើតឡើងពិតប្រាកដក្នុងរបបនេះ បានជាធ្វើឱ្យមនុស្សចន្លោះពី ១.៧លាន ទៅ២.២លាននាក់ បានស្លាប់បាត់បង់ជីវិត។
លោកបន្តថា ការចងចាំអំពីប្រវត្តិសាស្ត្រកម្ពុជាក៏ជាផ្នែកមួយ ដែលជួយឱ្យយុវជនបានយល់ដឹងកាន់តែស៊ីជម្រៅ បន្ថែមពីលើរឿងរ៉ាវដែលឪពុកម្តាយ និងជីដូនជីតារបស់ខ្លួនបានហែលឆ្លងកាត់ និយាយប្រាប់ និងចៀសឱ្យផុតពី ការជាន់ដានប្រវត្តិសាស្ត្រ។ ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្តដល់ជនរងគ្រោះ ក្នុងរបបខ្មែរក្រហម ជួយនិយាយបន្ត និងផ្សព្វផ្សាយពីរឿងរ៉ាវដែលគាត់បាន ជួបប្រទះនៅក្នុងរបបខ្មែរក្រហម ជូនដល់ក្មេងៗជំនាន់ក្រោយ ដើម្បីការចងចាំ ទោះបីជាការរំលឹករឿងរ៉ាវនេះ ធ្វើឱ្យពលរដ្ឋមួយចំនួនមានការឈឺចាប់។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មនៅក្នុងរបបខ្មែរក្រហម គឺជាដំណើរនៃការផ្សះផ្សាជាតិ និងចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។
មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថា ការយល់ដឹងរបស់យុវជនលើរឿងរ៉ាវសោកនាដកម្ម
ដែលកើតឡើង ក្នុងរបបខ្មែរក្រហម ជាការចាំបាច់បំផុត។ លោកសង្កេតឃើញថា ទោះបីជាសិស្សានុសិស្សទាំងអស់ កើតមិនទាន់របបខ្មែរក្រហមក៏ពិតមែន ប៉ុន្តែពួកគាត់បានចងចាំនូវរឿងរ៉ាវផ្សេងៗ អំពីរបបខ្មែរក្រហម តាមរយៈការនិយាយប្រាប់តៗគ្នារបស់ឪពុកម្តាយ និងជីដូនជីតារបស់ពួកគេ និងជាពិសេសបានស្គាល់នូវឈ្មោះ អតីតមេដឹកនាំខ្មែរក្រហម ដែលកំពុងត្រូវបានយកមកជំនុំជម្រះក្តី នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា រួមមាន កាំង ហ្គេកអ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែង នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និង អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ក្នុងរបបខ្មែរក្រហម។
នៅពេលដែលសួរថា តើប្អូនៗចង់ឱ្យរបបខ្មែរក្រហមប្រល័យពូជសាសន៍វិលមកវិញទេ? សិស្សានុសិស្សទាំងនេះ បានឆ្លើយព្រមៗគ្នាថា ពួកគេមិនចង់ឱ្យមានរបបខ្មែរក្រហមនេះវិលមកវិញទេ ព្រោះលំបាកខ្លាំង ហើយគ្មានសាលារៀន វត្តអារាម ហើយសិទ្ធិសេរីភាពសព្វបែបយ៉ាង ត្រូវបានលុបបំបាត់ រាប់ទាំងសិទ្ធិ សេរីភាពក្នុងការជ្រើសរើសគូស្រករជាដើម។ សិស្សានុសិស្សបានលើកឡើងថា នៅក្នុងរបបខ្មែរក្រហមមានតែការចាប់បង្ខំឱ្យធ្វើការងារ និងហូបមិនឆ្អែត ហើយកុមារគ្មានឱកាសចូលសាលារៀនឡើយ។
មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សិស្សានុសិស្ស នៅសាលាក្តីខ្មែរក្រហម និងនៅសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងបឹងជើងឯក នឹងធ្វើឱ្យយុវជនទាំងនេះ កាន់តែមានការយល់ដឹងកាន់តែច្រើនថែមទៀត អំពីរបបខ្មែរក្រហម ជាពិសេសបានយល់ដឹងថា តើហេតុអ្វីបានជាខ្មែរក្រហមបង្កើតមន្ទីរសន្តិសុខ និងកន្លែងវាលពិឃាតមនុស្ស។
សម្ភារ ព័ត៌មានផ្សេងៗ ដែលបានចែកជូនដល់សិស្សានុសិស្ស គឺជាឯកសារពិគ្រោះដ៏មានសារៈសំខាន់ ដើម្បីពង្រឹងចំណេះដឹង ជាពិសេសលើដំណើរការជំនុំជម្រះក្តី លើអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ដែលបានប្រព្រឹត្តនៅចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩៕