(ភ្នំពេញ)៖ ក្រោយការសួរនាំសាក្សី និងធ្វើកោសល្យនៅកន្លែងកើតហេតុរួចមក អធិការនគរបាលខណ្ឌដង្កោ លោក ជឹម ស៊ីថា បានប្រាប់ភ្នាក់ងារ Fresh News ថា ជនសង្ស័យដែលបានសម្លាប់ស្រ្តីប្រពន្ធចុង របស់តារាកំប្លែងនាយ ហុង ដា គឺជាកូនប្រុសរបស់នាយ ហុង ដា តែម្តង។ នៅពេលនេះកម្លាំងនគរបាល កំពុងតាមចាប់ខ្លួន ខណៈជនសង្ស័យកំពុងរត់គេច បន្ទាប់ពីសម្លាប់ស្រ្តីរងគ្រោះហើយ។
លោក ជឹម ស៊ីថា បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ អឿន សុខខេង អាយុជិត២០ឆ្នាំ។ ជនសង្ស័យបានយកខ្សែឆ្នាំងអ៊ុតទៅរឹតកសម្លាប់ ស្រ្តីរងគ្រោះ។ យ៉ាងណាក៏ដោយ លោកអធិការមិនទាន់បានបញ្ជាក់ថា ការសម្លាប់ស្រ្តីរងគ្រោះនេះ ជាករណីរំលោភ ហើយសម្លាប់ ឬយ៉ាងណានោះទេ តែក្រោយកើតហេតុ ស្រ្តីរងគ្រោះបានបាត់គ្រឿងអលង្ការ អស់ពីខ្លួនផងដែរ។
សូមបញ្ជាក់ថា ស្រ្តីជាប្រពន្ធទី២របស់តារាកំប្លែងជើងចាស់នាយ ហុង ដា ត្រូវបានឃាតករឹតកសម្លាប់ចោល នៅក្នុងបន្ទប់ជាន់ទី៥ នៃអគារខុនដូ កំពុងស្ថាបនា ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ពោលនៅក្រោយផ្សារសារឿនយ៉ានី។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើលនេះមានស្ត្រីម្នាក់ឈ្មោះ អឿន ចិន្តា ត្រូវជាប្អូនស្រីបង្កើតរបស់លោក ហុង ដា បានដើរលេងតាមបន្ទប់ខុនដូក្នុងជាន់ទី៥ ហើយពេលដើរដល់បន្ទប់របស់ស្រ្តីរងគ្រោះ ស្រាប់តែប្រទះឃើញជនរងគ្រោះ មានភួយរុំក្បាលនឹងមុខ មើលមិនស្គាល់ទេ ហើយគាត់ក៏មានការភ័យស្លន់ស្លោរ បានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗដើម្បីសុំការអន្តរាគមន៍។
ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ បានចុះមកពិនិត្យជាក់ស្តែង ដល់ចំណុចខុនដូនេះ ហើយបានឲ្យឈ្មោះ អឿន ចិន្តា ត្រូវជាប្អូនលោក ហុង ដា ចូលទៅមើលមុខសាកសពស្ត្រី ដែលត្រូវគេសម្លាប់ ទើបដឹងថា ស្ត្រីដែលត្រូវជនមិនស្គាល់មុខសម្លាប់នោះគឺមានឈ្មោះ ស៊ឹម ចន្ទី ហៅស្រីមុំ អាយុ១៩ឆ្នាំ គឺជាប្រពន្ធក្រោយរបស់លោក ហុង ដា ដែលមកស្នាក់នៅក្នុងខុនដូនេះជាងកន្លះឆ្នាំមកហើយ៕