(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា អាស៊ានចាំបាច់ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ របស់ខ្លួនទៅលើរបៀបវារៈសំខាន់ៗចំនួន៤ ដើម្បីពង្រឹងនិរន្តរភាពសេដ្ឋកិច្ច។ ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាត្រូវបានធ្វើឡើង ខណៈសម្តេចតេជោ បានអញ្ជើញបើកវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា របៀបវារៈសំខាន់ៗចំនួន៤ រួមមាន៖
១៖ ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីធានាបាននូវសន្តិភាព សន្តិសុខ សុវត្ថិភាព និងស្ថិរភាពយ៉ាងពេញលេញតាមរយៈការជំរុញ លើកកម្ពស់ កិច្ចសន្ទានាជិតស្និទ្ធ ការកសាងទំនុកចិត្ត ព្រមទាំងការដោះស្រាយបញ្ហាតំបន់ដោយសន្តិវិធី និងដោយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ។
២៖ ការបន្តធានាកំណើនសេដ្ឋកិច្ចដ៏រឹងមាំ មានតុល្យភាព ចីរភាព និងបរិយាប័ន្ន ដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការកាត់បន្ថយ គម្លាតអភិវឌ្ឍន៍។
៣៖ ការបន្តជំរុញអនុវត្តឲ្យបានសម្រេចតាមការគ្រោងទុកនូវ «ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥» ក្នុងការតភ្ជាប់ជារូបវ័ន្ត ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់រវាងមនុស្សសំដៅលើកកម្ពស់ សមត្ថភាពប្រកួតប្រជែង ភាពរីកចំរើន បរិយាប័ន្ន និងភាពធន់នៃសេដ្ឋកិច្ចរបស់តំបន់ទាំងមូល។
៤៖ ការបន្តជំរុញលើកកម្ពស់តួនាទីស្នូលរបស់អាស៊ាន នៅក្នុងកិច្ចសហបន្រតិបត្តិការតំបន់ និងការពង្រឹងសមត្ថភាពរបស់អាស៊ាន ក្នុងការចូលរួម ដោះស្រាយបញ្ហាប្រឈមនានា ទាំងកម្រិតតំបន់ ទាំងក្នុងកម្រិតសកល។
បន្ថែមពីលើនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា កិច្ចការអាទិភាពចំពោះមុខដ៏សំខាន់មួយរបស់អាស៊ាន គឺការខិតខំប្រឹងប្រែងជំរុញឲ្យបានសម្រេចឆាប់រហ័សនូវ «កិច្ចព្រមព្រៀងស្តីពីភាពចាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃតំបន់» ដែលមានប្រទេសចូលរួមចំនួន១៦ ហើមានអាស៊ានជាឆ្អឹងខ្នង មានផ្សារប្រមាណ ៣.៤ ទ្រីលាននាក់ ជាមួយនឹងទំហំសេដ្ឋកិច្ចសរុប ២២.៤ ទ្រីលានដុល្លារ ឬប្រហែលនឹង៣០ភាគរយ នៃទំហំសេដ្ឋកិច្ចពិភពលោក ក្នុងឆ្នាំ២០១៥។
គួរបញ្ជាក់ថា វេទិកាសេដ្ឋកិច្ច ពិភពលោកស្តីពីអាស៊ាននេះ ក៏មានការអញ្ជើញចូលរួមពី ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែតេ លោកនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីស៊ូលីត លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន ស៊នហ៊្វុក ព្រមទាំងអ្នកវិនិយោគ និងធុរកិច្ចជនជាមេដឹកនាំ មកពីបណ្តាក្រុមហ៊ុនល្បីៗ និងធំៗលើពិភពលោកជាច្រើនរូបផងដែរ៕
សូមស្តាប់ប្រសាសន៍ទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងបើកវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានឆ្នាំ២០១៧៖