(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ បានដាស់តឿនដល់កងកម្លាំងប្រដាប់ អាវុធទាំង៣ប្រភេទ ត្រូវធ្វើយ៉ាងណា ការពារឲ្យបានសម្រាប់ដំណើរការបោះឆ្នោត ដែលនឹងឈានមកដល់ ក្នុងពេលឆាប់ៗនេះ ដើម្បីធានាថែរក្សាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
លោក វ៉ី សំណាង បានបន្តថា «ការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ឲ្យប្រព្រឹត្តិទៅប្រកប ដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌រាល់កងកម្លាំងទាំងអស់គ្នា ត្រូវតែខិតខំឲ្យបានប្រសើរ»។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺបើកកិច្ចប្រជុំមួយនេះ គឺដើម្បីត្រៀមរៀបចំផ្សព្វផ្សាយផែនការការពារ យុទ្ធនាការឃោសនា ការិយាល័យបោះឆ្នោត និងការរាប់សន្លឹកឆ្នោតឲ្យល្អប្រសើរ ត្រឹមត្រូវ អព្យាក្រឹត្យ មិនលំអៀង ហើយការពារឲ្យបាន រាល់សកម្មភាពទាំងឡាយណា ដែលធ្វើឲ្យការបោះឆ្នោតបានបាត់បង់សន្តិសុខ និងសណ្តាប់ធ្នាប់ មិនតែប៉ុណណោះការឲ្យបានជាដាច់ខាតចំពោះ ជនខិលខូចណាដែលមានចេតនា បង្កភាពអនាធិបតេយ្យដល់ការិយាល័យបោះឆ្នោតបានឡើយ៕