(កំពង់ស្ពឺ)៖ ក្រុមការងារគណៈពង្រឹងចុះជួយស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានប្រាប់ទៅក្រុមកម្មករ-កម្មការិនី ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះការចរចាជាមួយថៅកែរោងចក្រ លើការដំឡើងប្រាក់ខែជាបន្តបន្ទាប់ ដែលធ្វើឲ្យជីវភាពរបស់បងប្អូនធូរធាកាន់តែខ្លាំងឡើង។
នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះលោក លី សុន លោកឧត្តមសេនីយ៍ឯក អ៊ុក កោសា និងលោក យ៉ង ម៉ៅ ជាប្រធាន-អនុប្រធាន លោក ចឹក បូរិន ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ និងសមាជិកក្រុមការងារបក្សប្រជាជន បានជួបសំណេះសំណាលជាមួយ បងប្អូនជាកម្មករ-កម្មារិនីចំនួន១៥០០នាក់ នៅឃុំដំណាក់រាំង ស្រុកឧដុង្គ។
លោកឧត្តមសេនីយ៍ឯក អ៊ុក កោសា បានលើកឡើងដោយនិយាយចំៗថា តើមានរាជរដ្ឋាភិបាលណា មិនគិតពីពលរដ្ឋខ្លួនឯង បើដឹកនាំប្រទេសប្រដូច និងដឹកនាំកូនគ្រួសារតូចមួយនោះមិនត្រូវទេ ប្រជាជនមានជាង១៤លាននាក់ ចឹងទេរដ្ឋាភិបាលប្រឹងប្រែងគ្រប់ជំហ៊ានប្រមូលក្រុមអ្នកវិនិយោគ បើករោងចក្រសហគ្រាស ដើម្បីឲ្យបងប្អូនមានការងារធ្វើប្រឹងប្រែង សម្របសម្រួលឲ្យបងប្អូន មានប្រាក់ខែខ្ពស់ធនាដល់តម្រូវការចាំរាល់ថ្ងៃ។
លោកឧត្តមសេនីយ៍ឯកបន្តថា ការដឹកនាំប្រទេសមិនចេះ និយាយឲ្យតែបាន ដូចមនុស្សមួយចំនួន បានត្រឹមតែចេះ និយាយនោះទេ គឺការអនុវត្តគោលនយោបាយសម្រាប់ការពារគាំទ្រ ដល់ផលប្រយោជន៍របស់បងប្អូន និងការពារសិទ្ធិរបស់បងប្អូនបន្ថែមទើបប្រសើរ។
លោកបានបន្ថែមទៀតថា បក្សប្រឆាំងចេះខ្លាំងណាស់ គេត្រឹមស្រែកប្រមូលកម្មករ-កម្មការិនី យើងធ្វើបាតុកម្មទាមទានេះ ទាមទានោះរហូតរោងចក្រខ្លះក្ស័យធន បាត់បង់ការងាររបស់យើងថែមទៀត តើបក្សនោះបានស្វែងរកការងារជូនកម្មករយើងវិញទេ? មានតែរដ្ឋាភិបាលទេ ដែលបានប្រឹងប្រែងបញ្ចុះបញ្ចូល ឲ្យវិនិយោគបន្ថែមដើម្បីឲ្យមានការងារធ្វើទាំងអស់គ្នា។
ក្រុមការងារ បានឧបត្ថម្ភថវិកា១,៦៥០,០០០រៀល និងសាប៊ូម្សៅ១៥០០គីឡូក្រាម ត្រីខកំប៉ុងចំនួន១៥០០កំប៉ុងផងដែរ៕