(ភ្នំពេញ)៖ បុរសជនជាតិបរទេសម្នាក់ សង្ស័យបែកថ្នាំ បានទៅវាយទូ ATM របស់ធនាគារ ABA ប៉ុន្តែត្រូវកម្លាំងនគរបាលចាប់ខ្លួន នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ។ ហេតុការណ៍នេះបានកើតឡើង ស្ថិតនៅចំណុចមុខ ប្រៃសណីយ៍ ផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលកើតហេតុគេបានឃើញ បុរសជនជាតិបរទេសម្នាក់ ដែលមានអាយុជាង៤០ឆ្នាំ បានដើរតាមផ្លូវខាងលើ ក៏ស្រាប់តែមកដក លុយនៅទូ ATM របស់ធនាគារ ABA តែដកមិនចេញ បណ្តាលឲ្យមួម៉ៅក្ដៅក្រហាយ រហូតវាយបំបែកទូតែម្ដង។
ភ្លាមៗនោះប្រជាពលរដ្ឋ បានរាយការណ៍ទៅសមត្ថកិច្ច បានមកឃាត់ខ្លួនជនបរទេសខាងលើ ដើម្បីយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលវត្តភ្នំ និងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចាត់ការតាមនិតីវិធីច្បាប់៕