(ស្វាយរៀង)៖ ដោយមើលឃើញពីការពលីជីវិតដើម្បីជាតិដ៏ធំធេងរបស់កងកម្លាំងមួកខៀវកម្ពុជានោះ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រមុខដឹកនាំកាកបាទក្រហមកម្ពុជា បានចាត់ចែងក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា នាំយកសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងបច្ច័យចំនួន២០លានរៀល ទៅចូលរួមបុណ្យសព លោកអនុសេនីយ៍ឯក ម៉ៅ អេង ទាហានមួកខៀវកម្ពុជា ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិកម្ពុជា និងអន្តរជាតិ នៅប្រទេសអាហ្រ្វិកកណ្តាល។
ពិធីបុណ្យសពលោកអនុសេនីយ៍ឯក បានធ្វើឡើងនៅគេហដ្ឋានរបស់លោកផ្ទាល់ នៅភូមិបាក់រនាស់ សង្កាត់សង្ឃ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ខណៈដែលសពជនរងគ្រោះ មិនទាន់បានបញ្ជូនមកដល់ប្រទេសកម្ពុជានៅឡើយទេ គឺត្រូវចំណាយពេលប្រមាណ២សប្តាហ៍ទៀតយ៉ាងតិច។
ជាមួយនឹងការចូលរួមជាបច្ច័យ២០លានរៀលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាមាតាមនុស្សធម៌នៅកម្ពុជា បានចាត់ចែងនាំយកនូវអំណោយផ្សេងៗ ទៀតជូនគ្រួសារសព ក្នុងនោះមានដូចជា អង្ករ ២០០គ.ក្រ, ត្រីខ ៥០កំប៉ុង, មី ៥កេស, អូវ៉ាន់ទីន ១កេស, ស្ករស ៥គីឡូ, ទឹកក្រូច ១០កេស និងគូលេនកំប៉ុងចំនួន ១កេសទៀតផង។
ការនាំយកបច្ច័យទៅចូលរួមបុណ្យសពទាហានដែលបានធ្វើពលិកម្មដើម្បីជាតិ និងអន្តរជាតិនេះ ជាការបង្ហាញទឹកចិត្តសប្បុរសធម៌ដ៏ធំធេងរបស់ កាកបាទក្រហមកម្ពុជា ដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានខិតខំ និងយកចិត្តទុកដាក់អស់ពីកម្លាំង-កាយចិត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ការចូលរួមនេះ ក៏ជាបង្ហាញពីអំពីការដឹងគុណដ៏អនេករបស់ទាហានកម្ពុជា ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិកម្ពុជា ក្នុងការការពារសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី នៃកាកបាទក្រហមកម្ពុជាទាំងអស់ មានសេចក្ដីរន្ធត់យ៉ាងក្រៃលែង និងសោកស្ដាយជាទីបំផុត នៅពេលទទួលព័ត៌មានថា ទាហានមួកខៀវកម្ពុជា ៤រូប បានទទួលមរណភាពនៅប្រទេសអាហ្រ្វីកកណ្ដាលនេះ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយនឹងក្រុមគ្រួសារនៃសព ហើយសូមឲ្យវិញ្ញាណក្ខន្ធសពទាំង ៤នាក់ បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ទាហានមួកខៀវកម្ពុជា ៤រូប ដែលពិលីជីវិតនោះរួមមាន៖ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរប៊ុលដូស៊ែរ, លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និងលោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ៕